ខេត្តស្ទឹងត្រែង៖ គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រជាង ៣០គ្រួសារ នៅក្នុងក្រុង និងស្រុកទាំង៦ ទទួលបានអំណោយពី មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តាមរយៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន និងថ្នាក់ដឹកនាំក្រុមការងារអតីតយុទ្ធជនខេត្តស្ទឹងត្រែង នៅក្នុងដំណាក់កាល នៃជំងឺឆ្លងកូវីដ-១៩ នេះ ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ថា នៅក្នុងការនាំយកអំណោយរបស់ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅចែកជូនគ្រួសារអតីតយុទ្ធជន មានជីវភាពក្រីក្រ ដល់ខ្នងផ្ទះនីមួយៗនោះ គឺបានធ្វើឡើងមានរយៈពេលជាច្រើនថ្ងៃបន្តបន្ទាប់គ្នា នៅក្នុងក្រុងស្ទឹងត្រែង និងនៅតាមបណ្តាស្រុក ៥ទៀត របស់ខេត្តស្ទឹងត្រែង។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍ទៀតថា សមាគមន៍អតីតយុទ្ធជនខេត្ត បានចុះចែកអំណោយទាំងនេះ ចាប់ពីថ្ងៃទី១៤ធ្នូ គឺធ្វើឡើងនៅក្នុងក្រុងស្ទឹងត្រែង មានចំនួន ៧គ្រួសារ ,នៅថ្ងៃទី ១៨ធ្នូ មានចំនួន ៦គ្រួសារ នៅស្រុកថាឡាបរិវ៉ាត់ និងនៅថ្ងៃទី២១ធ្នូឆ្នាំ២០២០ លោកឧត្តមសេនីយ៍ បានបន្តដឹកនាំក្រុមការងារ ចុះចែកអំណោយជូនគ្រួសារអតីតយុទ្ធជន ៥គ្រួសារទៀត នៅស្រុកសៀមបូក សរុប ១៨គ្រួសារ ហើយនៅថ្ងៃបន្ទាប់ នឹងបន្តចុះចែកនៅស្រុកសេសាន ៥គ្រួសារ ,ស្រុកបុរីអូរស្វាយសែនជ័យ ៥គ្រួសារ និងស្រុកសៀមប៉ាង ៥គ្រួសារ សរុប ៣៣គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ២បាវ មី២កេស ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ និងថវិកា ៤ម៉ឺនរៀល ថែមទៀតផង។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាស្ថាបនិក នយោបាយឈ្នះឈ្នះ បាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយបានដឹកនាំនាវាកម្ពុជា ប្រែក្លាយពីប្រទេសដែលកំសត់ មកជាប្រទេស ដែលមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយបើទោះជាយ៉ាងណាក្តី ក៏សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែនឹកគុណជានិច្ច ចំពោះការលះបង់យ៉ាងធំធេងរបស់ បងប្អូនអតីតយុទ្ធជន ដែលបានលះបង់អាយុជីវិត ក្នុងការការពារបូរណភាពទឹកដី ក្នុងគ្រាដែលប្រទេសជាតិ កំពុងស្ថិតក្នុងគ្រាមានសង្រ្គាម។ លោកមេបញ្ជាការ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពី ប្រមុខថ្នាក់ដឹកនាំ ដល់អតីតយុទ្ធជន ដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ស្របពេលដែលប្រទេសកម្ពុជា កំពុងខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកឧត្តមសេនីយ៍ បានក្រើនរំលឹក ដល់ប្រជាជនដែលបានចូលរួមទាំងអស់ ត្រូវការពារខ្លួនពី ជំងឺកូវីដ-១៩ ដោយអនុវត្តអោយបានត្រឹមត្រូវ តាមវិធានការនានារបស់ក្រសួងសុខាភិបាល៕