ស្វាយរៀង៖ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ ប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ៣៥គ្រួសារ ក្នុងនោះនៅក្នុងឃុំប្រសូត្រ ស្រុកស្វាយទាបចំនួន ២៤គ្រួសារ (រលំទាំងស្រុង៤គ្រួសារ ) និងនៅសង្កាត់បាទី ក្រុងបាវិតចំនួន ១១គ្រួសារនៅព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២០។
ពិធីនេះមានការចូលរួមពីសំណាក់ប្រតិភូព្រះបរមរាជវាំង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តស្វាយរៀងតំណាងលោកម៉ែន វិបុល អភិបាលខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរកសិកម្ម លោកប្រធានមន្ទីរព័ត៌មាន លោកស្រីនាយករដ្ឋបាលសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកស្វាយទាប លោកអភិបាលស្រុក និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។
មានប្រសាសន៍សំណេះសំណាលសម្តេចបានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលព្រះអង្គទាំងទ្វេរជានិច្ចជាកាលព្រះអង្គ តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជារាស្ត្រគ្រប់ទីកន្លែង។
សម្តេចបន្ថែមទៀតថា ថ្វីត្បិតតែជាព្រះរាជអំណោយចែកជូននៅពេលនេះមិនអាចផ្គត់ផ្គង់ជីវភាពបានទាំងស្រុងក៏ពិតមែន តែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រកបមុខរបបរបន្ថែមទៀត និងដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង ម្យ៉ាងវិញទៀត សូមបងប្អូនក៏ត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ និងរកកន្លែងដែលមានសុវត្ថិភាពផងដែរ។
ជាមួយគ្នានេះប្រជារាស្ត្រទាំងអស់ បានថ្លែងអំណរគុណដល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គ តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ សូមឲ្យសម្តេចទាំងទ្វេរមានព្រះជន្មាយុយឺនយូរដើម្បីគង្សជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្រ្តព្រះអង្គ ។
អំណោយដែលទទួលបានក្នុង១គ្រួសាររួមមាន៖ អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ ( មុង១ ភួយ១ ក្រមា១ និងសារ៉ុង១ ) មី១កេស ត្រីខ១០កំប៉ុងតង់កៅស៊ូ១ អាវយឺត១ និងថវិកាចំនួន៤០០.០០០រៀល ។ ដោយឡែកចំពោះគ្រួសារដែលរលំទាំងស្រុងចំនួន៤គ្រួសារ ទទួលបានសម្ភារៈដូចគ្នា និងថវិកាចំនួន៨០០.០០០រៀលផងដែរ៕