កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀល ថ្ងៃ ទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នេះ បាន ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន អញ្ជេីញចុះ ពិនិត្យ គម្រោង ស្ថាបនា ផ្លូវ ក្រាល កៅស៊ូ បេទីម លើកំណាត់ផ្លូវកម្ពុជាក្រោម ប្រវែង ៨៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីរង្វង់មូល (១-៧៩) ដល់ក្រោយអង្គភាពរដ្ឋករទឹក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដេីម្បី ជំរុញ ដល់ ការ សាងសង់ ឲ្យ មាន គុណភាព ល្អ និង ការ ប្រើប្រាស់ បាន យូរ អង្វែង ផងដែរ ។
ឆ្លៀត ក្នុង ឱកាស អញ្ជើញ ចុះ ពិនិត្យ គម្រោង ស្ថាបនា ផ្លូវ ខាង លើនេះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម បាន ជួប សំណេះសំណាល និងសាកសួរ សុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ អម សងខាង ផ្លូវនោះ ដោយ គាត់ ពិត ជា មាន ការ ត្រេកអរ ជា ខ្លាំង ចំពោះ រដ្ឋបាល ខេត្តកំពង់ចាម ដែល បាន ផ្តល់ កញ្ចប់ ថវិកា ប្រចាំឆ្នាំ សម្រាប់ ការ កសាង ផ្លូវ មួយ ខ្សែ នេះ ឡើង បង្ក លក្ខណៈ ងាយ ស្រួល ដល់ ការ ធ្វើដំណើរ ក៏ដូចជា ការ ដឹក ជញ្ជូន ទំនិញ យក ទៅ លក់ នៅ ផ្សារ បឹងកុក នោះ ផងដែរ ។
គួរ បញ្ជាក់ ផង ដែរ ថា ជាមួយ គ្នា នោះ ក៏មាន ការ ស្ថាបនា ផ្លូវ ក្រាល កៅស៊ូ ប្រភេទ AC ចំនួន ៣ខ្សែ ផ្សេង ទៀត រួមមាន ៖ ខ្សែទី១ (ផ្លូវលេខ ៧ ចាស់ ) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។
ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ដល់ផ្លូវលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
និង ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង ៧៧១ ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទ មុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ៕