ក្រុងព្រះសីហនុ៖ការស្ថាបនាផ្លូវចំនួន១១ខ្សែដែលជាគម្រោងថវិកាសន្សំរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការស្ថាបនាបានជាង ២២%ហើយមកដល់ពេលនេះ។ ក្នុងនោះ ការជួសជុលស្ថាបនាផ្លូវ លេខ ២០០បែកចេញពីផ្លូវឯករាជ្យត្រង់ស្ថានីយ៍ប្រេងសូគីម៉ិចចូលទៅផ្សារលើដែលអនុវត្តន៍គម្រោងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ កំពុងដំណើរការ ទាំងការស្ថាបនាតួផ្លូវ ប្រពន្ធ័លូបង្ហូរទឹក និងហេដ្ឋារចនា សម្ពន្ធ័ផ្សេងៗសងខាងផ្លូវ ស្ថិតក្រោម គម្រោងវិនិយោគ ស្តារ និងអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ ផ្លូវចំនួន ១១ ខ្សែរដែលដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាស្ថាបនាដោយប្រើប្រាស់ថវិកាសន្សំរបស់ជាតិ ចំនួន ១០០ លានដុល្លារ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ចូន ។
.លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុឲ្យដឹងថា ផ្លូវទាំងអស់ មានចាក់គ្រឹះបេតុងខាងក្រោម និងចាក់អ៊ុតកៅស៊ូពីលើ ហើយគម្រោងនេះ តាមការណែនាំពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រុមការងារបច្ចេកទេសនឹងខិតខំធ្វើឲ្យរួចរាល់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ២០២១ ខាងមុខ ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានសុំការយោគយល់ពីពលរដ្ឋឬកន្លែងអាជីវកម្មផ្សេងៗ ជាប់សងខាងផ្លូវ ចំពោះការប៉ះពាល់មួយចំនួនដូចជាករណីពិបាកចេញចូលមុខផ្ទះជាដើមក្នុងរយៈពេលការជួសជុលកំពុងដំណើរការ ។បើតាមលោកប្រធានមន្ទីរបញ្ជាក់ថាគម្រោងសាងសង់ ជួសជុលកំណាត់ផ្លូវក្រុងលេខ ២០០ (វិថី ៧ មករា) បានតភ្ជាប់គ្នាចាប់ពី ស្តុប ៣៣៣ រហូតដល់ ផ្លូវលេខ ៨០០ មានកម្រាលជាបេតុងសសៃដែក កម្រាស់ ២៥ស.ម និងអ៊ុតបេតុងកៅស៊ូACកម្រាស់៧ស.ម។ដូច្នេះហើយហេដ្ឋារចនាសម្ព័នក្នុងក្រុងព្រះសីហនុក្រៅពីរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាស្ថាបនាផ្លូវទាំង៣៤ខ្សែក្នុងនោះក៏កំពុងនឹងស្ថាបនាផ្លូវបន្ថែមចំនួន១១ខ្សែទៀតដើម្បីធ្វើយ៉ាងណាឱ្យក្រុងព្រះសីហនុកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកំសាន្ត។ ខណៈពេលដែលខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍន៍រីកចម្រើន ក្នុងនោះ កត្តាយានយន្តក៏មានការកើនឡើងនិងកត្តាប្រជាពលរដ្ឋក៏មានការកើនឡើងទាំងអស់នេះទាមទារនូវការអភិវឌ្ឍការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធច្រើនដើម្បីឱ្យការធ្វើដំណើរមានភាពងាយស្រួលនិងកាត់បន្ថយការកកស្ទះចរាចរណ៍ នាពេលបច្ចុប្បន្ននិងទៅអនាគត៕