នៅរសៀលថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ មន្ទីរចាត់ការនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំ ដើម្បីប្រជុំឆ្លងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ របស់មន្ទីរចាត់ការ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ប្រធានមន្ទីរចាត់ការ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរនិងនាយការិយាល័យចំណុះមន្ទីរចាត់ការ ទាំងអស់។
លោកប្រធានអង្គប្រជុំបានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់មន្ទីរចាត់ការ ដែលបានដកស្រង់ចេញពីផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។
បន្ទាប់ពីបានត្រួតពិនិត្យ ពិភាក្សា និងមានការចូលរួមជាមតិយោបល់ពីថ្នាក់ដឹកនាំនិងនាយ ការិយាល័យចំណុះមន្ទីរចាត់ការ រួចមក អង្គប្រជុំបានសម្រេចឯកភាពទៅលើគោលដៅយុទ្ធសាស្ដ្រ ទិសដៅ សូចនាករ និងសកម្មភាព សម្រាប់ផែនការសកម្មភាពឆ្នាំ២០២១ របស់មន្ទីរចាត់ការ និងត្រៀមរៀបចំដាក់ជូនថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ធ្វើការពិនិត្យនិងសម្រេច។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានមានមតិណែនាំមួយចំនួន ដូចខាងក្រោម៖
– ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារដែលបានដាក់ចេញនៅក្នុងផែនការសកម្មភាពឆ្នាំ២០២១ ឱ្យទទួលបានជោគជ័យ
– ត្រូវយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញឱ្យកាន់តែប្រសើរបន្ថែមទៀត
– ស្នើឱ្យគ្រប់ការិយាល័យចំណុះទាំងអស់ ត្រូវមានការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួន
– សហការគ្នាធ្វើការជាក្រុមនិងមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕