ស្វាយរៀង៖កសិករចិញ្ចឹមចង្រឹតនៅភូមិកណ្ដាលសង្កាត់ចេកក្រុងស្វាយរៀងបានតអូញត្អែរអំពីការបាត់បង់ប្រាក់ចំណូលពាក់កណ្ដាលដោយសារវិបត្តិជំងឺកូវីដ១៩។
អ្នកស្រីភាគ សាលី អាយុ៥៦ឆ្នាំរស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀងបានឲ្យដឹងថាអ្នកស្រីបានចាប់យកមុខរបរចិញ្ចឹមចង្រិតអស់រយៈពេល៩ឆ្នាំមកហើយ គឺមានការជោគជ័យនិងបរាជ័យដើរទន្ទឹមគ្នា ហើយនៅឆ្នាំ២០២០នេះគឺ ចាប់ពីខែមេសា២០២០ដោយសារមានវិបត្តិជំងឺកូវីដ-១៩គឺបាត់បង់ចំណូលពាក់កណ្តាលគិតជាខែ ជាមធ្យមខាត២លានរៀល ទីមួយខ្វះសម្ភារៈធ្វើសំបុកផលិតចង្រិត(វៀតណាមបិតព្រំដែន)ទីពីរ បាត់អតិថិជន ដោយមិនសូវមានកម្មវិធីជួបជុំផឹកស៊ី។
អ្នកស្រីភាគ សាលី បានប្រាប់ឲ្យដឹងទៀតថា អ្នកស្រី និងប្តីឈ្មោះដុក សារ៉ា ប្រកបមុខរបរធ្វើស្រែដោយមានជីវភាពក្រីក្រក៏បានទៅធ្វើកម្មករកម្មការនីនៅរាជធានីភ្នំពេញរហូតដល់ឆ្នាំ២០១៣ បានទៅឃើញគេចិញ្ចឹមចង្រិតនៅព្រែកឯង ក៏ចាប់អារម្មណ៍ចង់ប្តូរមុខរបរដោយអ្នកស្រីនិងប្តីកាន់តែចាស់ផងចង់ទៅប្រកបមុខរបរនៅផ្ទះរបស់ខ្លួនវិញ ក៏តែងតែទៅមើលការចិញ្ចឹមចង្រិតនៅព្រែកឯង ហើយសាកសួរអំពីបច្ចេកទេសនៃការចិញ្ចឹមចង្រិត គេក៏បានប្រាប់អំពីវិធីចិញ្ចឹមចង្រិតខ្លះៗ អ្នកស្រីនិងប្តីសម្រេចចិត្តប្រកបមុខរបរចិញ្ចឹមចង្រិតតែម្តង។
អ្នកស្រីបានបន្តថាជាដំបូងបានរៀបចំសង់រោង និងធ្វើអាងចំនួន៥អាងនិងទិញសំបកកេះដាក់ពងមាន់ពីផ្សារអូឬស្សី២០០សន្លឹកក្នុង១សន្លឹក៤០០រៀលអស់៨ម៉ឺនរៀល។ហើយទៅទិញពងចង្រិតចំនួន១០០ចានក្នុង១ចានតម្លៃ១ម៉ឺនរៀល អស់ប្រាក់១លានរៀល។ហើយការចិញ្ចឹមគឺជោគជ័យ ដោយមានចង្រិតក្នុង១វគ្គមានរយៈពេល៤៥ថ្ងៃបានពង៥០ថ្ងៃចាប់ប្រមូលផល ក្នុង១អាងបានចង្រិត៣០គីឡូទៅ៤០គីឡូក្រាម ហើយចង្រិតបំពងរួច ក្នុង១គីឡូក្រាម តម្លៃ២៥,០០០រៀល(ដាក់ប្រអប់កន្លះគីឡូតម្លៃ១២,៥០០រៀល)។
អ្នកស្រីបានបន្ថែមថានៅស្វាយរៀងគ្មានអ្នកចិញ្ចឹមចង្រិតគឺងាយស្រួល មានទីផ្សារ ក៏ធ្វើរោងបន្ថែមនិងធ្វើអាងចំនួន១៣អាងហើយទៅទិញសំបកកេះ(ក្រដាស់)ពងមាន់ពីប្រទេសវៀតណាម ១គីឡូតម្លៃ២,៥០០រៀលស្មើ១៤សន្លឹក ក្នុង១អាងដាក់សបកកេះ២០០សន្លឹកទៅ៣០០សន្លឹកដើម្បីធ្វើជាសំបុកឲ្យចង្រិតរស់នៅចំណាយដើមធ្វើសំបុកគិតជាប្រាក់២០០ដុល្លារក្នុង១៣អាង ។និងចំណាយលើចំណីក្នុង១វគ្គ១៣អាងអស់ប្រាក់២លានរៀល ។ចំណែកការប្រមូលផលក្នុង១វគ្គទទួលបាន៥ទៅ៦លានរៀល ការចិញ្ចឹមវិលជុំប្រដេញគ្នា ប្រមូលផលប្រចាំសប្តាហ៍ បើគិតជាខែជាមធ្យមក្នុងមួយខែរកប្រាក់ចំណូលបានជាង៣លានរៀលដែរ។
អ្នកស្រីបានបន្តថានៅអំឡុងឆ្នាំ២០១៦ជាអកុសលប្តីអ្នកស្រីមានជម្ងឺស្លាប់ចោល ធ្វើឲ្យងាប់ចង្រិតអស់រលីងដោយសារគ្មានអ្នកដាក់ទឹកដាក់ចំណីឲ្យចង្រិត ត្រូវខាតបង់ប្រាក់៦លានរៀល។
អ្នកស្រីបន្តទៀតថា រហូតដល់ឆ្នាំ២០១៧ ទើបប្អូនប្រុសម្នាក់មករស់នៅជាមួយចាប់ផ្តើមចិញ្ចឹមចង្រិតឡើងវិញហើយបានទៅទិញពូជចង្រិតពីខេត្តតាកែវ មកចិញ្ចឹមកាក់កបជោគជ័យ ដោយអ្នកស្រីដើរទៅមើលគេចិញ្ចឹមចង្រិតនៅភូមិចុងអំពឹល ខេត្តព្រៃវែងគេចិញ្ចឹមបែបបច្ចេកទេសដាក់សំបកច្រើនជាន់ក្នុង១អាងប្រមូលផលបានរហូតទៅ១៥០គីឡូទៅ២០០គីឡូ ក៏ប៉ុន្តែដោយនៅស្វាយរៀងទីផ្សារចង្រិតមិនសូវទូលាយអ្នកស្រីចិញ្ចឹមតាមទម្លាប់គឺ១អាងប្រើសំបុកកេះធ្វើសំបុកតែ២០០ទៅ៣០០សន្លឹក ប៉ុណ្ណោះអាចប្រមូលផលបានក្នុង១អាង៤៥គីឡូទៅ៥០គីឡូក្រាម ចិញ្ចឹមវិលជុំក្នុង១ខែអាចរកប្រាក់ចំណូលបានជាង៣លានរៀលផងដែរ។
អ្នកស្រីបានបន្ថែមថាចាប់តាំងពីខែមេសា២០២០មកមានវិបត្តិកូវីដ-១៩ វៀតណាមបិទព្រំដែន មិនអាចចេញញចូលទៅប្រទេសវៀតណាមទិញសំបកកេះមកធ្វើសំបុកចង្រិតបាន ដោយសំបកកេះក្រដាស់ធ្វើសំបុកបានតែ២ដងត្រូវចោល ដូច្នេះគ្មានសំបកកេះធ្វើសំបុកចង្រិត ទិញនៅផ្សារអូឬស្សីថ្លៃហើយគ្មានទៀតដោយថៃក៏មិនមាននាំចូល។
អ្នកស្រីថាត្រូវកែរឆ្នៃយកសំបកការ៉ុងមកចងធ្វើសំបុក ថ្លៃហើយពិបាកទើបមិនចំណេញ ក៏ប្តូរយកកាកអំពៅមកធ្វើជាសំបុកវិញ កាកអំពៅធ្វើបានក៏ប៉ុន្តែទិនផលធ្លាក់ចុះ ក្នុង១អាងបានទិនផលចង្រិតតែ១០គីឡូក្រាមប៉ុណ្ណោះ ហើយទីផ្សារចង្រិតក៏ធ្លាក់ចុះ ពុំសូវមានអតិថិជន ដោយគ្មានកម្មវិធីជួបជុំផឹកស៊ីដូចមុនមានវិបត្តិកូវីដ-១៩ ។បច្ចុប្បន្នការចិញ្ចឹមចង្រិតនៅតែ៨អាងប៉ុណ្ណោះ ក្នុង១អាងបានចង្រិត១០គីឡូ គឺបាន៨០គីឡូក្នុង១គីឡូបំពងរួចតម្លៃ២៥,០០០រៀលបើគិតក្នុងមួយខែអាចរកប្រាក់បាន១លាន៥សែនរៀលប៉ុណ្ណោះ៕