ស្វាយរៀង៖ យោងតាមការណែនាំរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដឥ១៩ខេត្ត លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នៅរសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ទើបចំណាកស្រុកវិលត្រឡប់មកពី ប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័ក និងត្រួតពិនិត្យកន្លែងចត្តាឡីស័ក។
លោក ស៊ូ ម៉ុល អភិបាល ស្រុករមាសហែក បានអោយដឹងថាពលរដ្ឋចំណាកស្រុកមកពីក្រៅប្រទេសបានដាក់ឲ្យសម្រាកតាមដានសុខភាព នៅមណ្ឌលចត្តាឡីស័កថ្មី កំរិត២នៅទីតាំងការិយាល័យកសិកម្មស្រុករមាសហែកតាំងពីថ្ងៃទី១៦រហូតដល់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០នេះសរុបទាំងអស់គឺមានចំនួន២៦នាក់(ស្រី៩នាក់)។
លោកបានបញ្ជាក់បន្ថែមថាពលករចំណាកស្រុក ចូលធ្វើចត្តាឡីសក័នៅមណ្ឌលចត្តាឡីសក័ថ្មី ក្នុងការិយាលយ័កសិកម្ម ស្រុករមាសហែក ស្ថិតក្នុង ភូមិក្រញូង ឃុំមុខដា ទទួលបានសុខភាពល្អ មកពីរដ្ឋបាលស្រុក មន្ទីរពេទ្យបង្អែករមាសហែក ពិសេស ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឧបត្ថម្ភ និងរៀបចំកន្លែងស្នាក់នៅបំពាក់គ្រែ មុង ភួយ កន្ទេល បន្ទប់អនាមយ័ កន្លែងចំអិនម្ហូបអាហារ ពិសេសគ្រឿងហូបចុកគ្រប់គ្រាន់ក្នុងពេលស្នាក់នៅផងដែរ ។
លោកតូច ប៉ូលីវ៉ាបានបញ្ជាក់ថាការចុះពិនិត្យនេះ គឺដើម្បីពង្រឹងការអនុវត្តការធ្វើចត្តាឡីស័កឲ្យមានប្រសិទ្ធខ្ពស់ ព្រមទាំងសម្រាប់ត្រៀមរៀបចំទទួលពលករចំណាកស្រុក ក្នុងករណីបង្ការ ក្រែងមានការវិលត្រឡប់ចូលស្រុកវិញពីសំណាក់ចំណាកស្រុក បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន ប្រទេសថៃ។
ក្នុងនោះក្រុមការងារបានត្រួតពិនិត្យបន្ទប់សម្រាក បន្ទប់ទឹក បង្គន់អនាម័យ និងកន្លែងសម្រាប់របស់ក្រុមគ្រូពេទ្យ និងកម្លាំងការពារ នៅក្នុងមណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត កម្រិត២ ស្ថិតនៅអតីតការិយាល័យកសិកម្មស្រុក ស្ថិតនៅឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។
គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យខេត្តជាប់ព្រំដែនថៃទាំងអស់ ក៏ដូចជាខេត្តដែលមានពលរដ្ឋចំណាកស្រុក ត្រូវពង្រឹតការការពារការចម្លងបន្តពីការផ្ទុះ នូវការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ។ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនិងបង្ការជំងឺកូវីដ-១៩៕