រដ្ឋបាលខេត្តកំពតគ្រោងរៀបចំកែលម្អសួនច្បារតាមដងព្រែកកំពង់បាយក្រុងកំពត

ខេត្តកំពត គឺជាខេត្តគោលដៅទេសចរណ៍មួយក្នុងចំណោមខេត្តជាប់តំបន់មាត់សមុទ្រ ទោះបីប៉ុន្មានឆ្នាំចុងក្រោយនេះ មានភ្ញៀវទេសចរមកកំសាន្តកាន់តែកើនឡើងជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្តកំពត នៅតែបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអភិវឌ្ឍន៍ និងការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងកំពតពិសេសសួនច្បារសាធារណៈធ្វើយ៉ាងណា ឲ្យក្រុងកំពតរក្សាបានតំណែងជាទីក្រុងទេសចរណ៍ស្អាតអាស៊ានបន្តទៀត។
ដោយផ្ដើមចេញនូវស្មារតីម្ចាស់ការកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត រួមជាមួយនឹងថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងកំពត បានចុះពិនិត្យដល់ទីតាំងដើម្បីសិក្សាគម្រោងកែលម្អសួនច្បារមួយកន្លែងបន្ថែមទៀត តាមដងព្រែកកំពង់បាយ ស្ថិតនៅក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។
តាមរយៈការកត់សម្គាល់សកម្មភាពកន្លងមកនេះ រដ្ឋបាលខេត្តកំពត តែងតែបានខិតខំយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានា ទាំងនៅទីក្រុងនិងជនបទមូលដ្ឋាន ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ដើម្បីធ្វើយ៉ាងណាសំដៅលើកកម្ពស់សុខមាលភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមជាវ តាយអភិបាលខេត្ត បានណែនាំជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរត្រូវតែរួមសហការគ្នាសិក្សាលើគម្រោងកែលម្អសួនច្បារតាមដងព្រែកកំពង់បាយក្រុងកំពតមួយនេះ ឱ្យបានលឿនឆាប់រហ័ស ដើម្បីចាប់អនុវត្តនៅដើមឆ្នាំ ២០២១ ហើយបញ្ចប់នៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ខាងមុខនេះ។
តាមមន្ត្រីជំនាញឲ្យដឹងថា គម្រោងអភិវឌ្ឍកែលម្អសួនច្បារតាមដងព្រែកកំពតនេះ គឺមានប្រវែងប្រមាណ ៦០០ម៉ែត្រ គិតចាប់ពីខាងត្បូងក្បាលស្ពានថ្មី ដល់ខាងជើងក្បាលស្ពានឥន្ទធនូ(ស្ពានចាស់) ក្នុងនោះគឺកែលម្អពង្រីកសួនច្បារឲ្យបានទំហំ១២ ម៉ែត្របន្ថែម លើទទឹងសួនចាស់ ដែលកន្លែងខ្លះ ២០ម៉ែត្រ និងកន្លែងខ្លះទៀតមានទទឹង១២ម៉ែត្រ។ ក្នុងគម្រោងនោះដែរក៏មានការរៀបចំទីកន្លែង កម្សាន្ត សម្រាប់កុមារ យុវវ័យ មនុស្សចាស់ និងបំពាក់បង្គោលភ្លើង ដាំផ្កា រួមនឹងសម្ភារៈផ្សេងទៀត បម្រើឱ្យ ការកម្សាន្តសប្បាយរបស់ទេសចរ និងប្រជាពលរដ្ឋទូទៅផងដែរ៕