ខេត្តកែប៖ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំបេីកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូ DBST ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត នៃគណៈ អភិបាលខេត្ត និងជាប្រធានគណកម្មការរៀបចំគម្រោងខេត្តកែប ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានបញ្ជាក់ថា ការបេីកការដ្ឋាននេះ គឺដេីម្បីជួសជុល ផ្លូវក្រាលក្រួសក្រហមចំនួន០១ ខ្សែ និងជួសជុលផ្លូវក្រាល កៅស៊ូប្រភេទ DBST ចំនួន៧កំណាត់ខ្សែ ដែលមានប្រវែង៣,៣៨២ម៉ែត្រ និងសំណង់សិល្បៈការ្យមួយចំនួន តាមបណ្តោយផ្លូវ នៅមូលដ្ឋាន ភូមិកែប សង្កាត់កែប នេះគឺជាចំណងដៃថ្មីមួយទៀត ដេីម្បីជូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វេីដំណេីរ និងដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សា ។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។ ប្រទេសជាតិមានសុខសន្តិភាពនេះហេីយ ទេីបរដ្ឋបាលខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន គ្រប់ទីកន្លែង។ កំណាត់ ផ្លូវដែលនឹងជួសជុលនៅពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែម ទៀត ដែលរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត កែប បានផ្តល់ជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ក្នុ ងការធ្វេីដំណេីរ និង បញ្ចៀស ការកកស្ទះចរាចរ ជាពិសេស ដើម្បី ភ្ញៀវទេសចរ ធ្វើដំណើរ ឆ្លងកាត់ តំបន់នេះមានភាពងាយស្រួល ។ ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរ ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសេីរឡេីង។ ជាមួយ គ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ សូមមានការ យោគយល់ ចំពោះផលប៉ះដែលកេីតឡេីងពីការជួសជុលនេះ។
ឯកឧត្តម បានបន្ថែមទៀតថា ទោះបីជាការរីករាលដាល នៃជំងឺកូវីដ១៩ ត្រូវបានប្រមុខរាជរដ្ឋាភិបាលគ្រប់គ្រងបានក៏ដោយ ក៏សូមឩ្យអាជ្ញាធរក្រុងស្រុក បន្តធ្វេីការណែនាំដល់ប្រជាពលរដ្ឋអោយអនុវត្តតាមវិធានសុខាភិបាល អោយបានត្រឹមត្រូវ តាមរយៈការពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ទឹកអាកុល អោយបានញឹកញាប់រក្សាគម្លាតសង្គមអោយបានល្អ ។ ជាពិសេសពេលនេះ ក្រុងស្រុក ត្រូវគ្រប់គ្រង និងធ្វេីបច្ចុប្បន្នភាពអោយបានចំពោះប្រជាពលរដ្ឋ ដែលត្រឡប់មកពីប្រទេសថៃ និងមកពីក្រៅប្រទេស ដេីម្បីជៀសវាងការនាំជំងឺនេះមកដល់សហគមន៍របស់យេីង៕