អភិបាលខេត្តព្រះសីហនុ ជម្រុញមន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ជួយកសិករលើការដាំដុះបន្លែ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារក្នុងដំណាក់កាលដែលមានកាគម្រាមកំហែងដោយកូវីដ១៩។

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួបសំណេះណាលនិងស្វែងយល់អំពីជីវភាព កសិករ បណ្តុំអាជីវកម្មបកសាច់ក្តាមនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់។
ឯកឧត្តមបានថ្លែងកោតសរសើរចំពោះមន្ទីរកសិកម្មខេត្តព្រះសីហនុនិងអាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ជួយប្រជាកសិករនៅតាមជនបទ។
ឯកឧត្តម គួច ចំរើន បានស្នើអោយខិតខំបន្ថែមទៀតក្នុងការជួយគាំទ្រដល់កសិករតាមភូមិ ដោយបើកវគ្គបណ្តុះបណ្តាលខ្លីៗ និងប្រឹក្សាបច្ចេកទេសថ្មីៗលើវិស័យដាំដុះ ផលិត ការចិញ្ចឹមសត្វជាដើម ដល់កសិករអោយពួកគាត់មានការយល់ដឹងកាន់តែច្រើនបន្ថែមទៀត និងយកជំនាញនេះទៅអនុវត្តទទួលបានលទ្ធផលខ្ពស់។
ឯកឧត្តម គួច ចំរើន បន្ថែមថា ក្នុងដំណាក់កាលនេះកូវីដនៅតែជាបញ្ហាគួរអោយប្រុងប្រយ័ត្នបំផុត។ស្នើពលរដ្ឋទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយ លាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុល ឱ្យបានញឹកញាប់ ត្រូវពាក់ម៉ាស់ ឬក្រម៉ា រក្សាគម្លាតសុវត្ថិភាព ដើម្បីកុំឱ្យមាន ការចម្លងជំងែកូវីដ-១៩ ចូលក្នុងគ្រួសារ និងសហគមន៍។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថាការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ក្នុងគោលបំណងលើកទឹកចិត្ត និងជម្រុញឱ្យមានសន្ទុះអភិវឌ្ឍន៍វិស័យកសិកម្មកាន់តែរីកចម្រើន ពិសេសការជំរុញការដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ។

ឆ្លើយតបចំពោះគោលបំណងនេះនៅចុងឆ្នាំ២០២០ មន្ទីរកសិកម្ម បង្កើតបណ្តុំអាជីវកម្ម ដោយមានការចូលរួមដោយកសិករតាមមូលដ្ឋានបានចំនួន ០៩ ស្មើនឹង ៤២៩គ្រួសារ។
ក្នុងនោះបណ្តុំអាជីវកម្មដំណាំបន្លែ ២
បណ្តុំអាជីវកម្មចិញ្ចឹមមាន់មាន០២
បណ្តុំអាជីវកម្មចិញ្ចឹមត្រី ៣
បណ្តុំអាជីវកម្មកែឆ្នៃបង្គារក្រៀម ០១
បណ្តុំអាជីវកម្មបកសាច់ក្តាមចំនួន០១។

ក្នុងឱកាសនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ក៏បានធ្វើការចែកសម្ភារៈដល់សមាជិកបណ្តុំអាជីវកម្មបកសាច់ក្តាមចំនួន ៤៥គ្រួសារ មកពីឃុំទឹកថ្លា ស្រុកព្រៃនប់ ក្នុងមួយគ្រួសារទទួលបាន ធុងក្លាសេ០១ កញ្ច្រែងដាក់ក្តាម០១ ស្រោមដៃមួយប្រអប់។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានផ្តល់ជូនបន្ថែម ក្នុងមួយគ្រួសារក្រម៉ា០១ និងថវិកាមួយចំនួនផងដែរ៕