កំពង់ឆ្នាំង:នាព្រឹកថ្ងៃសៅរ៍ទី ២៦ ខែធ្នូ ឆ្នាំ២០២០ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង មានរៀបចំប្រកាសក្រុមការងារយុវជនគណបក្សបណ្តាមន្ទីរអង្គភាពជុំវិញខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធាន
គណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកលោកស្រីសមាជិក សមាជិកាគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងផងដែរ។
តាមរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម សៀត គឹមលៀងប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានអោយដឹងថាៈក្រោមការដឹកនាំពីឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំងក្រុមការងារយវជនខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ បានចូលរួមយ៉ាងសកម្មក្នុងការប្រតិបត្តិតាមតួនាទីនិងភារកិច្ចរបស់ខ្លួនជាជំនួយអោយគណបក្សខេត្តចូលរួមសកម្មភាពក្នុងបំរើសេវា ដោះស្រាយសំណូមពរបានទាន់ពេលវេលាជាពិសេសចូលរួមគ្រប់ការអភិវឌ្ឍរបស់ខេត្តមានការរីកចំរើលដល់បច្ចុប្បន្ន។
ឯកឧត្តម ម៉ែន ធឿន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តបានអានសេចក្តីសម្រេច ស្តីពីប្រកាសសមាសភាពក្រុមយុវជនបណ្តាមន្ទីរអង្គភាពជុំវិញខេត្តសរុបមានចំនួន៣៤
អង្គភាព ដែលមានសមាសភាពសរុបចំនួន១៩៥រូប ស្រីចំនួន៤៣រូប ដែលត្រូវបានប្រកាសជាផ្លូវការនាថ្ងៃនេះ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានក្រើនរំលឹកដល់ក្រុមការងារយុវជនគណបក្សបណ្តាមន្ទីរអង្គភាពជុំវិញខេត្តទាំង៣៤ ត្រូវចូលរួមឲ្យបានកាន់តែខ្លាំងក្លា តាមរយៈសកម្មភាពជួយដល់សង្គម ដូចជាសកម្មភាពមនុស្សធម៌ ការងារសង្គម អនាម័យ បរិស្ថាន ការជួបជុំសាសនា
និងការកៀរគរកសាងកម្លាំងយុវជនថ្មី ។ ដូចនេះ ក្រុមការងារយុវជនទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការគាំទ្រនិងជួយតម្រង់ទិសដល់សកម្មភាពយុវជនយើងឲ្យបានខ្លាំងក្លាថែមទៀត ឆ្លើយតបទៅនឹងគោលការណ៍យុវជនគណបក្សថ្នាក់កណ្តាលដែលបានណែនាំកន្លងមក ក្នុងការកសាង ពង្រឹង ពង្រីកនូវកម្លាំង”យុវជនបក្សថ្មី”ទាំងនៅក្នុងប្រព័ន្ធ និនៅខាងក្រៅប្រព័ន្ធ ធានាឲ្យបានទាំងបរិមាណ គុណភាព ព្រមទាំងសមត្ថភាពចំណេះដឹង ចំណេះធ្វើ ដើម្បីដណ្តើមយកជ័យំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២និងតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តមឈួរ ច័ន្ទឌឿនក៏បានផ្តាំផ្ញើអោយក្រុមការងារយុវជនគណបក្ស
ប្រជាជនអង្គភាពជុំវិញខេត្តទាំង៣៤ទើបតែងតាំងថ្មីត្រូវបន្តខិតខំបំពេញមុខនាទីការងារយុវជនគណបក្ស ធ្វើយ៉ាងណាបំផុស អប់រំឲ្យប្រជាពលរដ្ឋ មានជំនឿ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវថែរក្សា ការពារ និងពង្រីកបន្ថែមនូវរាល់សមិទ្ធផលរូបវន្តនិងការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ខេត្ត ក្រុង ស្រុក ក្រោមម្លប់នៃសន្តិភាព និង ការអភិវឌ្ឍ ។ ជាពិសេសគឺថែទាំសុខភាពអោយបានរឹងមាំ និង រួមគ្នាថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្នអោយបានគង់វង្ស។
លោក គិត មិនារិទ្ធ តំណាងសមាជិកទាំង១៩៥ រូបបានធ្វើការប្តេជ្ញាចិត្តដូចតទៅៈ ស្មោះត្រង់ចំពោះឧត្តមគតិគណបក្ស អនុវត្តអោយបានត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងព្រមទាំងកម្មវិធី គោល
នយោបាយរបស់គណបក្ស។ អនុវត្តអោយបានត្រឹមត្រូវនូវតួនាទីរបស់ខ្លួន ក្នុងនាមជាជំនួយការអោយគណបក្សលើការងារបំផុសចលនាយុវជនអោយគាំទ្រគណបក្ស។ ប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកប្រឆាំងទាំងក្នុងនិងក្រៅប្រទេស។ ខិតខំអប់រំ បណ្តុះបណ្តាលស្រទាប់យុវជនឧទ្ទេសនាមចូលជាសមាជិកថ្មីរបស់គណបក្ស និងប្រែក្លាយជាកម្លាំងបន្តវេនពីរៀមច្បង ។ ចូលរួមគ្រប់សកម្ម
ភាពស្របច្បាប់ ដណ្ដើមអោយបានជោគជ័យដាច់ខាត រាល់ការបោះឆ្នោតសកល និងអសកល គាំទ្រជារៀងរហូត បេក្ខភាព សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីអាណត្តិរដ្ឋសភានីតិកាលទី៧ និងអាណត្តិបន្តទៀត ។ ប្ដេជ្ញាថែរក្សារឹងមាំធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង ក៏ដូចជាលើកកម្ពស់កិច្ចសហការល្អ ជាមួយបណ្ដាអង្គការយុវជននានា បណ្ដាអង្គការសមាគមន៍ ដៃគូអភិវឌ្ឍន៍ ដែលមានឆន្ទៈគោរពលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិ
មនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
ចុងបញ្ចប់ឯកឧត្តម ឈួរ ច័ន្ទឌឿន បានប្រគល់សេចក្តីសម្រេចដល់សមាជិកក្រុមការងារយុវជនទាំង១៩៥រូបនៃក្រុមការងារយុវជនគណបក្សប្រជាជនមកពី៣៤មន្ទីរអង្គភាពជុំវិញខេត្ត ទើបតែង
តាំងថ្មីផងដែរ៕