ព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការប្រយុទ្ធ និងកូវីដ១៩ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីប្រចាំការ នៅមណ្ឌលចក្តាឡីស័ក ក្រុងព្រះវិហារ និងមណ្ឌលចក្តាឡីស័ក ស្រុកជាំក្សាន្ត និងការរៀបចំសោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់នៅរង្វង់មូលស្រអែម ស្រុកជាំក្សាន្ត។
ក្នងឱកាសនោះឯកឧត្តម បានផ្តាំផ្ញើដល់មន្ត្រីប្រចាំការ ត្រូវយកចិត្តទុកដាក់ក្នុងបំពេញការងារនិងអជ្ញាធរស្រុកត្រូវខិតខំប្រមូលព័ត៌មានពាក់ពន្ធនិងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅប្រទេស ធ្វើយ៉ាងណាណែនាំផ្សព្វផ្សាយអោយពួកគាត់មកសម្រាក ធ្វើចក្តាឡីស័កនៅមណ្ឌលអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។
បន្ថែមពីនេះឯកឧត្តម ក៏បានសុំពរទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីក្រៅប្រទេសត្រូវចូលរួមអនុវត្តដោយធ្វើចក្តាឡីស័ករយៈពេល១៤ ថ្ងៃ តាមវិធានការការពាររបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលកូវីដ-១៩ ហើយត្រូវមាន ការជឿជាក់លើក្រុមគ្រូពេទ្យ និងអជ្ញាធរក្រុង ស្រុក និងខេត្ត ក្នុងការពារសុវត្ថិភាព និងសុខភាពរបស់បងប្អូន។
ជាមួយគ្នានោះឯកឧត្តម ប្រាក់ សុវណ្ណ បានផ្តល់សម្ភារជូនក្នុងមួយមណ្ឌលរួមមាន៖ បងប្អូនដែកសម្រាកនៅមណ្ឌលចក្តាឡីស័កទាំងពីរមណ្ឌល ចំនួន ៨នាក់(មណ្ឌលជាំក្សាន្ត៥ នាក់ ផ្ទះសំណាក់គ្រូ ក្នុងក្រុងព្រះវិហារ៣ នាក់) ក្នុងម្នាក់ ទឹកសុទ្ធ១ កេស មី១កេស សារុង១ ជែល ១ដប និងថវិកាចំនួន ៣០,០០០ រៀល ផ្តល់ជូនមន្រ្តីប្រចាំការនៅមណ្ឌលចក្តាឡីស័ក ២៣នាក់ (ស្រុកជាំក្សាន្ត១០ នាក់ និងមណ្ឌលចក្តាឡីស័កនៅផ្ទះសំណាក់គ្រូ ក្រុងព្រះវិហារ ចំនួន១៣) ក្នុងម្នាក់ៗថវិកា ៣០,០០០ សារុង១ និងម៉ាសទុកប្រើប្រាស់នៅមណ្ឌលចំនួន៣ប្រអប់ផងដែរ៕