ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះទៅពិនិត្យការធ្វើចត្តាឡីស័កនៅតាមភូមិ ឃុំ ទូទាំងស្រុកពារាំង និងមានការណែនាំមួយចំនួន

(ស្រុកពារាំង)៖ នៅថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ២០២១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារ អមដំណើរដោយឯកឧត្ដម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ខានស្រុកពារាំង លោកអភិបាលស្រុក លោកប្រធានការិយាល័យសុខាភិបាលស្រុក អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលកន្លែងធ្វើចត្តាឡីស័ក ដាក់អោយនៅដាច់ដោយឡែក របស់បងប្អូនពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេស នៅតាមបណ្តា ភូមិ ឃុំ ទូទាំងស្រុក។

ឆ្លៀតឱកាសនោះដែរ ឯកឧត្ដម ប្រធានក្រុមការងារ ក៏បានណែនាំ និងផ្តល់អនុសាសន៍ដូចខាងក្រោម៖
1. ណែនាំជុំវិញសភាពការណ៍ក្រោមការដឹកនាំរបស់សម្តេចតេជោ និងការណែនាំរបស់ក្រសួងសុខាភិបាល សំខាន់ការធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ និងគ្រប់១៤ថ្ងៃ។
2. ណែនាំទៅដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមអោយផ្សព្វផ្សាយនៅប្រសាសន៍របស់សម្តេចតេជោ កាលពីម្សិលមិញ ជុំវិញអំពីការនឹងនរកុំអោយរត់ចុះរត់ឡើងមកពីប្រទេសថៃ តែបើមកហើយ សូមអោយធ្វើចត្តាឡីស័កទៅតាមការកំណត់របស់សុខាភិបាលនៅតាមព្រំដែនកម្ពុជា-ថៃ អោយបានគ្រប់១៤ថ្ងៃ ចាំវិលត្រឡប់មកមូលដ្ឋានវិញ។

ជាមួយនោះដែរ ឯកឧត្ដម បានឧបត្ថម្ភថវិកាជូនបងប្អូនពលករ ចំនួន ៧០នាក់ ក្នុងម្នាក់ៗ ចំនួន១០០.០០០៛, អាជ្ញាធរឃុំ ៤.០០០.០០០៛, សាលាស្រុក ៣.០០០.០០០៛, គណៈកម្មការកូវីដ-១៩ ខេត្តព្រៃវែង ១០.០០០.០០០៛
សរុបថវិកាអស់ ២៤.០០០.០០០៛ និងម៉ាស់ ១០.០០០ម៉ាស់ ព្រមទាំងអាកុល ៥កាន ស្មើ១៥០លីត្រ និងជែល ១០០ដបផងដែរ៕