មណ្ឌលគិរីះ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងក្រុមគ្រួសារ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាផ្ទាល់ខ្លួន ចែកជូនដល់ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចដែលកំពុងខ្វះខាតចំនួន ១០០គ្រួសារ ស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ នឹងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម អភិបាលខេត្តបាននាំយកអំណោយចែកដល់ប្រជាពលរដ្ឋខ្វះខាតនាពេលនេះ គឺជាសម្ភារៈផ្តាល់ខ្លួនរបស់លោក រួមទាំងក្រុមគ្រួសារ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា កាកបាទក្រហមកម្ពុជា ដើម្បីជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលខ្វះខាត សំដៅលើការដោះស្រាយបញ្ហាខ្វះខាតជូនប្រជាពលរដ្ឋទូទៅឲ្យកាន់តែមានលក្ខណៈល្អប្រសើរឡើង។
ឯកឧត្តម ស្វាយ សំអ៊ាង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ទាំងអស់ ដែលមកលេងកម្សាន្តនានៅខេត្តមណ្ឌលគិរី ត្រូវមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុ ព្រោះប្រទេសកម្ពុជា ក៏ដូចជាខេត្តមណ្ឌលគិរី ក៏ទទួលរងនូវឥទ្ធិពលខ្យល់ព្យុះពីប្រទេសប្រទេសជិតខាងផងដែរ ហើយត្រូវធ្វើយ៉ាងណារស់នៅឲ្យបានស្អាត ហូបស្អាត និងអនាម័យល្អ ដើម្បីចៀសវាងពីជំងឺតម្កាត់នានា ជាពិសេស ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ចំពោះអំណោយដែលឯកឧត្តម អភិបាលខេត្ត រួមទាំងក្រុមគ្រួសារ ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារហើយ១គ្រួសារ ទទួលបាននាពេលនេះមាន៖អង្ករ ២៥គីឡូក្រាម មី១កេះ ត្រីខ១យួ ទឹកត្រី១យួ ក្រម៉ា១ សារ៉ុង១ អាវរងា១ និងបន្ថែមថវិកាចំនួន២០.០០០រៀលផងដែរ៕