ព្រៃវែង៖មណីយដ្ឋានសត្វស្លាបធម្មជាតិ ទួលព័ន្ធតាឡី ស្ថិតនៅក្នុងភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែងមានទំហ៑ុផ្ទៃដី៨៦ហិចតា ដែលជារមណីយដ្ឋានធម្មជាតិមួយបានធ្វើឲ្យភ្ញៀវទេសចរ មិននឹកស្មានថា មានរមណីយដ្ឋានធម្មជាតិដែលសំបូរទៅដោយសត្វស្លាបរាប់មុឺនក្បាលមករស់នៅដំបន់នេះនោះទេ។ ហើយនៅពេលភ្ញៀវទេសចរណ៍មកដល់បានឮសំឡេងសត្វយំកងរំពង ដែលធ្វើឲ្យអ្នកទស្សនាភ្លេចអស់ទុក្ខកង្វល់ អារម្មណ៍អណ្តែតអណ្តូងទៅតាមសំលេងសត្វទាំងនោះ។
រមណីយដ្ឋានសត្វស្លាបធម្មជាតិ ទួលព័ន្ធតាឡីនេះ មានចំងាយប្រមាណ ៧៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ ពីទីរួមខេត្តព្រៃវែង។ នៅពេល ភ្ញៀវទេសចរ ទៅដល់ បងប្អូនប្រជាពលរដ្ឋសហគមន៍ចាំទទួលស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុត។ បន្ទាប់មកទៀតភ្ញៀវទេសចរត្រូវជិះទូកដែលមានចំងាយប្រហែល ២ គីឡូម៉ែត្របន្ថែមទៀត ដោយចំណាយពេលពី ១៥ ទៅ ២០ នាទី ដើម្បីទៅដល់ទីជម្រករបស់សត្វ លុះទៅដល់ភ្លាមភ្ញៀវទេសចរនឹងបានឃើញសត្វ ស្លាប ហោះហើរបណ្ដែតខ្លួនយ៉ាងស្រស់ស្អាត នៅលើអាកាសនិងនៅលើព្រៃរាប់ម៉ឺនក្បាល ដែលកំពង់ពពាក់ពពួនរស់នៅទីនោះ។
រមណីយដ្ឋានសត្វស្លាបធម្មជាតិទួលពាន់តាឡី ដែលជាតំបន់អំណោយផលសម្រាប់សត្វស្លាបរស់នៅ ដោយនៅជាប់ព្រៃនេះមានបឹងដ៍ធំមួយសម្រាប់សត្វរកចំណីជាអាហារ។ ហេតុដូចច្នេះហើយ បានជាសត្វមកប្រមូលផ្តុំគ្នា រស់នៅលើទួលនេះ ដោយកន្លែងនេះដែរក៏ជាប្រភេទដីព្រៃលិចទឹកដោយកាលពីមុនមានជំនួយពីអង្កការwoman(វូមែន)ក្នុងការអភិរក្សការពារធនធានធម្មជាតិសម្រាប់ឲ្យសត្វព្រៃ គ្រប់ប្រភេទរស់នៅបង្កាត់ពូជជាពិសេសគឺសត្វស្លាបនេះតែម្តង។
លោកពុធ សំបូប្រធានសហគមន៍នៅតំបន់ទួលពាន់តាឡីបានឲ្យដឹងថារមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡីនេះ បច្ចុប្បន្នមានសត្វជាច្រើនដូចជា សត្វ កុក សំបកត្រពាំង ខ្វែក ក្អែកទឹក ត្មោញ ននៀលខ្ចង ទុង ក្រសារ និងមានសត្វផ្សេងៗជាច្រើនទៀតដែលរស់នៅតំបន់នេះ។ ហើយសត្វដែលរស់នៅទីនេះ ព្រមទាំងសត្វកម្រផងដែរនោះមានចំនួន ៥០ ប្រភេទ កំពុងរស់នៅបង្កើតកូនធ្វើឲ្យចំនួនសត្វមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ព្រមជាមួយគ្នានេះបងប្អូនភ្ញៀវទេសចរណ៍ដែលបានមកលេងទស្សនាកំសាន្តនៅតំបន់ទួលពន្ធ័តាឡីក៏បានបង្ហាញនៅអារម្មណរំភើបសប្បាយរីករាយដែលមិននឹកស្មានដល់ថាតំបន់នេះមានសត្វស្លាបដ៏សម្បូរបែបដែលកន្លែងឯទៀតពុំមានដូចឡើយហើយក៏បានស្នើដល់អាជ្ញាធរនិងមន្ត្រីជំនាញដែលពាក់ព័ន្ធសូមជួយការពារសត្វស្លាបទាំងនេះឱ្យបានគងវង្សមិនត្រូវឲ្យមានការបរបាញ់នោះឡើយគឺទុកគ្រាន់បង្ហាញឲ្យក្មេងជំនាន់ក្រោយបានស្គាល់និងទស្សនាកម្សាន្តហើយត្រូវរួមគ្នាការពាររក្សាពូជសត្វស្លាបដ៏កម្រនេះផង៕