រនៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារមិត្តភាព កម្ពុជា ចិន នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ រាជធានីភ្នំពេញ។
អញ្ជើញអមដំណើរសម្ដេចក្រឡាហោមនាឱកាសនោះ រួមមានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល ដោយមានការទទួលបដិសណ្ឋារកិច្ចពីឯកឧត្តមនាយកមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ ក្រុមគ្រូពេទ្យ និងក្រុមអ្នកជំនាញសាងសង់អគារមន្ទីរពេទ្យ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដំណើរការសាងសង់មន្ទីរពេទ្យនេះ គឺជាការបង្កើតនូវសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់សេវាសុខភាពសាធារណៈជូនពលរដ្ឋ។
សម្ដេចក្រឡាហោមបានបន្តថាកន្លងមកសម្ដេចបានចូលរួមចំណែកជួយសាងសង់អគារវះកាត់ជូនមន្ទីរពេទ្យ ដោយសម្ដេចគិតថាកាលពីពេលនោះ ក្រសួងសុខាភិបាល និងមន្ទីរពេទ្យមានការជួបបញ្ហាខ្វះខាតច្រើន ក្នុងនោះក៏មានបញ្ហាផ្នែកអគារមន្ទីរពេទ្យ និងបញ្ហាមួយចំនួនទៀត មុននឹងឈានមកដល់ដំណាក់កាលអភិវឌ្ឍជាបន្តបន្ទាប់ដូចបច្ចុប្បន្ន។
សម្ដេចបានបន្ថែមថាចាប់ពីឆ្នាំ២០១៥មក ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខ ជាពិសេសឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល និងឯកឧត្តមនាយកមន្ទីរពេទ្យ ព្រមទាំងសហការី មន្ទីរពេទ្យមួយនេះក៏មានការអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះសមិទ្ធផលធំគឺការទទួលបានការគាំទ្រជាជំនួយឥតសំណងពីរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីសាងសង់អគារដ៏ស្កឹមស្កៃជាង៣ម៉ឺនម៉ែត្រការ៉េនេះ។
សម្ដេចបានបង្ហាញក្ដីសង្ឃឹមថាក្រោយពេលសាងសង់ចប់ គួបផ្សុំលទ្ធភាព និងសមត្ថភាពដែលមានស្រាប់ មន្ទីរពេទ្យដែលមានលោកវេជ្ជបណ្ឌិត តាំង សុគន្ធ នឹងអាចធ្វើឱ្យមានការអភិវឌ្ឍបន្ថែមទៀតទាក់ទងនឹងការគ្រប់គ្រង ការចាត់ចែងសេវាសាធារណៈជូនប្រជាពលរដ្ឋ និងប្រមូលចំណូលតាមគោលការណ៍ច្បាប់ដើម្បីធានារាប់រងតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានទទួលភារកិច្ចពីរដ្ឋាភិបាលចិនដើម្បីទទួលការសាងសង់ និងទទួលការត្រួតពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យនេះ។ សម្ដេចមានប្រសាសន៍សម្ដេចបានទទួលព័ត៌មានថាក្រុមហ៊ុនបានសាងសង់លឿន និងមានគុណភាព ពោលគឺអាចនឹងលឿនជាងផែនការគ្រោងទុក។
សម្ដេចក្រឡាហោម ក៏បានបង្ហាញភាពរីករាយដោយសារនៅខេត្តត្បូងឃ្មុំដែលជាខេត្តថ្មីក៏ទទួលបានជំនួយមន្ទីរពេទ្យពីសាធារណរដ្ឋប្រជាមានិតចិន អាចជាមន្ទីរពេទ្យធំជាងគេទូទាំងប្រទេសលើកលែងតែរាជធានីភ្នំពេញ។ ជាមួយគ្នានេះ សម្ដេចបានថ្លែងកោតសរសើរក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យដែលបានទប់ស្កាត់មិនឱ្យមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជា និងអាចដោះស្រាយបាននូវការឆ្លងរីករាលដាលកម្រិតសហគមន៍។
ពាក់ព័ន្ធនឹងបញ្ហាប្រឈមរបស់មន្ទីរពេទ្យ សម្ដេចបានគូសបញ្ជាក់ថានឹងសិក្សាបញ្ហានេះជាមួយសហការី ដើម្បីរកដំណោះស្រាយបន្ថែមទៀត។ សម្ដេចបានសង្កត់ធ្ងន់ថាការខិតខំដោះស្រាយបញ្ហានេះ គឺដើម្បីការពារដីរបស់រដ្ឋដោយសន្តិវិធី។ សម្ដេចក៏បានថ្លែងអំណរគុណពលរដ្ឋមួយចំនួនដែលស្ម័គ្រចិត្តចាកចេញពីដីមន្ទីរពេទ្យនេះផងដែរ៕