បើទោះប្រមុខរាជរដ្ឋាភិបាលគ្រោងផ្តល់ការចាក់វាក់សាំងការពារជំងឺឆ្លងកូវីដ១៩ដោយឥតគិតថ្លៃជូនពលរដ្ឋគ្រប់រូបក៏ដោយ ក៏អភិបាលខេត្តកំពតប្រាប់ដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ឲ្យបន្តបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងរីករាលដាលនៃជំងឺនេះទៅក្នុងសហគមន៍ នៃខេត្តកំពតឲ្យបានកាន់តែល្អប្រសើរដាច់ខាត ។
ថ្លែងក្នុងពិធីចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ជូនដល់ប្រជាពលរដ្ឋប្រឈមងាយរងគ្រោះចំនួន ១០០គ្រួសារមកពីស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២១ នៅសាលាបឋមសិក្សា អ៊ុយ ស៊ើង ត្រាំ សសរ ស្រុកបន្ទាយមាស ឯកឧត្តម ដែលមានការចូលរួមពីសមាជិកសមាជិកា មិនកម្មការសាខសកាកបាទក្រហម ក្រុងស្រុក ផងដែរនោះ។ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា
ខេត្ត និងជាអភិបាលខេត្តកំពត បានមានប្រសាសន៍ថា បច្ចុប្បន្នស្ថិតនៅក្នុងស្ថានភាពពិភពលោកក៏ដូចជាកម្ពុជាយើងបបាននឹងកំពុងជួបនូវវិបត្តិ ជាសកលនៃជំងឺកូវីត១៩ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុនសែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត និងបានប្រើគ្រប់ពិធីសាស្ត្រដោយមានចំណាត់ការយ៉ាងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលមកក្នុងសហគមន៍ ។ ពិសេសរយៈពេលចុងក្រោយនេះ នៅពេលជំងឺកូវីដ១៩ បានផ្ទុះឆ្លងរាលដាលខ្លាំងនៅប្រទេសថៃ សម្តេចតេជោ បានបញ្ជាឲ្យ រាល់ពលករមកពីប្រទេសថៃត្រូវចូលទៅធ្វើចត្តាឡីស័កនៅព្រំដែនផ្ទាល់តែម្តងមិនអនុញ្ញាតឲ្យមកផ្ទះទេ ព្រោះពលករមកពីប្រទេសថៃងាយប្រឈមនិងបញ្ហាការឆ្លងកូវីដ១៩ខ្លាំង។ ទទ្ទឹមនិងនេះ សម្តេចក៏គ្រោងនឹងផ្តល់ជូនការចាក់វាក់សាំងការពារជំងឺកូវី១៩ ដល់ពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ ដែលជំហ៊ានដំបូងនេះត្រូវប្រើវាក់សាំងចំនួន ១លានដូសនៅពេលខាងមុខផងដែរ ។
បើទោះបីយ៉ាងនេះក្តី ឯកឧត្តមអភិបាលខេត្ត ក៏បាន អំពាវនាវដល់ពលរដ្ឋ ពិសេសអាជ្ញាត្រូវបន្តបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហា ជំងឺកូវីដ១៩នេះបន្ថែមទៀត ដោយមិនត្រូវធ្វេសប្រហែសឬបណ្ដែតបណ្ដោយចំពោះបញ្ហានេះ កុំអាងវាក់សាំងការពារខ្លាំងពេកឲ្យសោះ។
ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ
ក៏បាន ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ ដោយមិនរើសអើង គ្រប់កាលៈទេសៈ និងបាន ជំរុញ លើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូបត្រូវបន្តអនុវត្តវិធានសុវត្ថិភាពសង្គម ពិសេសវិធានអនាម័យរស់នៅស្អាត ផឹកស្អាត ហូបស្អាតឲ្យបានជាប្រចាំ ហើយបើមិនចាំបាច់ សូមកុំចូលរួមក្នុងកម្មវិធីផ្សេងៗ ដែលមានមនុស្សម្នាច្រើន។ ជាមួយឱកាសនោះ ឯកឧត្តមជាវ តាយ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការដាំដុះឬបង្កើតជាវ៉ារីវប្បកម្មការចិញ្ចឹមត្រី និងសត្វ រួមផ្សំបន្ថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរ ព្រោះអំណោយដែលបានដល់ពេលនេះគ្រាន់តែបានជួយរំលែកការលំបាកមួយគ្រាតែប៉ុណ្ណោះ។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំងចំនួន១០០ គ្រួសារ ក្នុងនោះមកពីស្រុកបន្ទាយមាស៥០គ្រួសារ និងស្រុកអង្គរជ័យ៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូក្រាម និងថវិកាមួយចំនួនផងដែរ៕