ភ្នំពេញ ៖ ករណីហិង្សាដោយចេតនា បានកើតឡើង ដោយយកឧបករណ៍សម្រាប់លើកយកសាច់ដុំដៃវាយក្បាលឲ្យរបួស កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១ និង៣០នាទី នៅចំណុចមុខផ្ទះគ្មានលេខផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមាន ឈ្មោះ តាំង រស្មី ភេទប្រុសអាយុ ២៧ឆ្នាំ ជនជាតិខ្មែរទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។
ចំណែកជនរងគ្រោះមាន ឈ្មោះ លឹម ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់។ វត្ថុតាងចាប់យកបានរួមមាន ៖ ឧបករណ៍សម្រាប់លើកយកសាច់ដុំដៃ (ធ្វើពីស៊ីម៉ង់តិ៍)ចំនួន១។
ប្រភពបានបញ្ជាក់ថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ ឈ្មោះ លឹម ធារ៉ា បានមកយកខោអាវដែលផ្ញើទុកនៅផ្ទះជួលរបស់មិត្តភក្កិឈ្មោះ តាំង ចាន់ ភេទប្រុស អាយុ២១ឆ្នាំ ក្នុងពេលនោះជន សង្ស័យ ឈ្មោះ តាំង រស្មី ភេទ ប្រុស អាយុ ២៧ ឆ្នាំ បានយកឧបករណ៍សម្រាប់លើកយកសាច់ ដុំដៃ (ធ្វើពីស៊ីម៉ង់ត៍) ចំនួន១ វាយជនរង គ្រោះបណ្ដាលឲ្យរងរបួសបែកក្បាលពីខាងក្រោយចំនួន១ កន្លែងដួលសន្លប់ទៅលើដី (ដោយជនសង្ស័យឈ្មោះ តាំង រស្មី សង្ស័យជនរង គ្រោះបានលួចយកទូរស័ព្ទដៃរបស់គេដែលបានបាត់) ខណៈនោះអ្នកជិតខាងបានបញ្ជូនជនរងគ្រោះ ទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចុះទៅឃាត់ ខ្លួនយកមកទីស្នាក់ការប៉ុស្តិ៍ដើម្បីចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕