កណ្តាល៖ជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅដឹកនាំដោយលោកវរសេនីយ៌ទោ សម្បត្តិ រតនា អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជិះ Pass App ទាក់ ឆ្កែ ប្រជាពលរដ្ឋតាមភូមិ ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៤៖៣០នាទី ទៀបភ្លឺ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ ឡៅ ស៊ីថាយ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ ។
ចំណែក ជនសង្ស័យចំនួន៣នាក់ ឈ្មោះ សាន មករា ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ រត់ Pass App និង ឈ្មោះ ម៉ាយ សុណាភេទប្រុស អាយុ២៥ឆ្នាំទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ ចំណែកជនសង្ស័យម្នាក់ទៀត គេចខ្លួនរួចមានឈ្មោះ បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំទីលំនៅមិនពិតប្រាកដនិងមុខរបរមិនពិតប្រាកដ ។
វត្ថុតាងចាប់យក រួមមាន Pass App មួយគ្រឿង ពណ៌លឿង ស្លាកលេខ ភ្នំពេញ 1HI-0653 ជារបស់ជនសង្ស័យ ។ ដែកថ្នាំងអំពៅ មួយកំណាត់ ប្រវែង៣០សង់ទីម៉ែត្រ ជារបស់ជនសង្ស័យ ។ ខ្សែប្រាំងកង់ ប្រវែង១៥០សង់ទីម៉ែត្រ ។ បាវចំនួន២ ។ ថង់ប្លាកស្ទិតពណ៌ខ្មៅមួយដុំ ។
សមត្ថកិច្ចបន្តថា នៅវេលាកើតហេតុ នៅពេលជនរងគ្រោះកំពុងតែដេកលង់លក់ ក៏ស្រាប់តែជនសង្ស័យទាំង៣នាក់ បាននាំគ្នាជិះ Pass App មកធ្វើសកម្មភាពជិះទាក់ឆ្កែរបស់ជនរងគ្រោះ ដោយឈ្មោះ សាន មករា ជាអ្នកបើក Pass App រីឯឈ្មោះ បញ្ញា ជាអ្នកយកខ្សែប្រាំងកង់ទាក់កនិងយកដែកថ្នាំងអំពៅវាយក្បាលឆ្កែ ។ ចំណែ ឈ្មោះ ម៉ាយ សុណា ជាអ្នកចុះរើស ។
ពេលនោះជនរងគ្រោះឃើញទាន់ក៏បានរត់ដេញចាប់ខ្លួនបានជនសង្ស័យ២នាក់ព្រមទាំងវត្ថុតាងយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ ចាត់ការតាមនីតិវិធី ។
ជនសង្ស័យ បានសារភាពថា ពួកគេពិតជាបាននាំគ្នាជិះ Pass App ធ្វើសកម្មភាពលួចទាក់ឆ្កែរបស់ប្រជាពលរដ្ឋខាងលើ ប្រាកដមែន ។
បន្ទាប់មកជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕