កំពង់ឆ្នាំង៖ រសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ ទទួលផ្ទះថ្មី មួយខ្នង (ទំហំ ៥មx៧ម) សង់ផ្ទាល់ដី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានការចូលរួមពី លោក មេបញ្ជាការរង អាជ្ញាធរមូលដ្ឋាន ព្រមទាំង នាយ នាយទាហានរង និង ប្រជាពលរដ្ឋ ជាច្រើនរូប។
ឯកឧត្តម បានមានមតិសំណេះសំណាល ដល់អង្គពិធីទាំងមូល និង បានលើកឡើងថា ផ្ទះមួយខ្នងនេះ បានមកពីការគិតគូរពីសំណាក់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលមើលឃើញពីទុកលំបាករបស់បងប្អូនយើង មិនថាកងកម្លាំង ឬសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឡើយ និង មានការ សហការឧបត្ថម្ភពីសំណាក់សប្បុរសជន នានា ពីគ្រប់មជ្ឈដ្ឋាន។
ជាក់ស្តែងនៅក្នុងពេលនេះ ឯកឧត្តម បានប្រគល់ផ្ទះទំហំ (៥មx៧ម) សង់ផ្ទាល់ដី ប្រក់ និង បាំងជញ្ជាំងស័ង្កសី ជូនលោក អនុសេនីយ៍ ទោ ធឹម ណាល់ ជំនួយការ ការិយាល័យទី៥ និង ក្រុមគ្រួសារ រស់នៅ ភូមិដំណាក់ពពូល សង្កាត់/ក្រុង/ខេត្ត កំពង់ឆ្នាំង ដែលផ្ទះរបស់លោក ត្រូវបានអគ្គីភ័យ ឆាបឆេះគ្មានសល់ (ឆ្លងចរន្តអគ្គីសនី) កាលពីពេលថ្មីៗនេះ។
ជាមួយគ្នានេះ ឯកឧត្តម បានធ្វើពិធីប្រគល់ផ្ទះ និង នាំយកនូវថវិកា ចំនួន ៣០០,០០០រៀល អង្ករ ២បេ ត្រី ខ ២យួរ ទឹកត្រី ១យួរ ទឹកស៊ីវ ១យួរ ដើមស្វាយ ២ដើម និង ដើមដូង ១ដើមជូនដល់គ្រួសារលោកផងដែរ។
ជាចុងបញ្ចប់ លោក ធឹម ណាល់ និង ក្រុមគ្រួសារ បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច តេជោ , ថ្នាក់ដឹកនាំខេត្ត , ឯកឧត្តម ធន ធឿន និង ក្រុមការងារទាំងអស់ និង សូមជូនពរ សូមជួបប្រទះនូវពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕