ត្បូងឃ្មុំ៖ យុវជនជាជនដៃដល់វិកលចរិក ហើយត្រូវជាមារបស់ក្មេងរងគ្រោះ បានចាប់ក្មួយប្រុសចងផ្អោមនឹងសសរផ្ទះរួចទាញកាំបិត មកព្រលះចំនួនពី ៥ ទៅ ៦កាំបិទ បណ្តាលឲ្យក្មេងស្លាប់យ៉ាងអាណោចអាធម ពេលនោះជនដៃដល់បានបន្តទៅកាប់សមត្ថកិច្ចប៉ូលីសដែលជាកងកម្លាំងទៅរំដោះក្មេងរងគ្រោះ តែត្រូវកម្លាំងបង្ក្រាបនិងប្រើសិទ្ធដើម្បីការពារខ្លួនផងនោះ បានបាញ់សម្លាប់ជនដៃដល់ បណ្តាលឲ្យស្លាប់ នៅផ្ទះកើតហេតុ ចំណុចភូមិកញ្ចេរ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅវេលាម៉ោងជិត១២យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ ។
បើតាមលោក អនុសេនីយ៍ឯក អាំ សុផល អធិការស្តីទីនគរបាលស្រុកពញាក្រែកបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ថា ឆារ៉ាត ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិបុសទី ឃុំកក់ នៅថ្ងៃកើតហេតុ គេបានមកលេងផ្ទះមារបស់គេ ចៃដន្យអកុសល ត្រូវមាវិកលចរិក ចាប់ចងផ្អោបនឹងសសរផ្ទះ រួចកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ ។
បន្ទាប់មកសមត្ថកិច្ចបានពិនិត្យស្ថានភាពជាក់ស្តែង បានចូលទៅរំដោះក្មេង តែត្រូវជនដៃដល់ឈ្មោះ ហ៊ឹម សុខ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានកាប់ត្រូវសមត្ថកិច្ច១កាំបិតហើយប្រុងកាប់បន្តទៀត តែត្រូវសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួន បណ្តាលឲ្យជនល្មើសស្លាប់នៅនឹងកន្លែងកើតហេតុតែម្តងទៅ ៕