ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូចតាព្រោះមួយគ្រឿងបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុកតាព្រួញពុះចែកទ្រូងផ្លូវបាក់១កង់ ឯរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០២ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២១ នៅចំណុចមុខក្រុមហ៊ុន masda តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ជាប់ព្រំប្រទាល់សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តtoyota prius មួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BC-0549ធ្វើដំណើរចុះពីស្ពានអាកាសផ្សារដីហុយ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់រលំអស់១កង់ ឯរថយន្តត្រឡប់ក្បាលមកក្រោយទៅទិសខាងកើតវិញ ខ្ទេចមួយកំណាត់មុខទៅរួច។ភ្លាមនោះគេឃើញមានបុរសម្នាក់បើករថយន្តមួយគ្រឿងមកដល់កន្លែងកើតហេតុរួចនាំតែកុងរថយន្តបង្កឡើងជិះលើរថយន្ដរួចបើកចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕