អាជ្ញាធរខេត្តព្រះសីហនុ គ្រោងសាងសង់មណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

មណ្ឌលអប់រំ បន្សាប ព្យាបាលនេះគ្រោងសាងសង់លើផ្ទៃដីទំហំ០៣ហិកតា ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាដីកម្មសិទ្ធិឯកជនដែលគេបរិច្ចាគជូនរដ្ឋបាលខេត្ត។

ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដីជាក់ស្តែងដើម្បីសាងសង់មណ្ឌលនេះសម្រាប់ជាកន្លែងអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន។

ឯកឧត្តម គួច ចំរើន បានណែនាំឱ្យមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវរៀបចំប្លង់គោល ដើម្បីធ្វើការសាងសង់ ស្របតាមបច្ចេកទេស និងលក្ខខណ្ឌតម្រូវរបស់ថ្នាក់ជាតិ។

កន្លងមកនៅខេត្តព្រះសីហនុ មានមណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមួយដែរ។មណ្ឌលនេះមានទីតាំង ស្ថិតក្នុងបរិវេណបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុនិងស្ថិតក្រោមការគ្រប់គ្រងដោយកំលាំងអាវុធហត្ថប៉ុន្តែថ្មីៗនេះត្រូវបានផ្ទេរមកឱ្យរដ្ឋបាលខេត្តជាអ្នកគ្រប់គ្រងវិញ។
សម្រាប់ខេត្តព្រះសីហនុ ទន្ទឹមនឹងការរៀបចំបង្កើតមណ្ឌលបន្សាបនេះ ក៏មានមជ្ឈមណ្ឌលជាតិ អប់រំបន្សាប និងស្តារនីតិសម្បទាមួយកន្លែងផ្សេងទៀតមានទីតាំងនៅឃុំកែវផុស ស្រុកស្ទឹងហាវ។
សព្វថ្ងៃបានកំពុងដាក់អោយដំណើរការសាកល្បងដំណាក់កាលដំបូងរបស់ខ្លួន៕