កំពង់ឆ្នាំងៈ ដោយ៖ សុខ គឹមសៀន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ហេង ច័នស៊ីបូរិន បានប្រកាសសាលក្រមលកើដំណុំរឿងដំឡូងមី១ករណីក្រោយពី បើកសាវនាការកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដាម្សិលមិញនេះ ។ ប្រជាពលរដ្ឋចំនួន០៥នាក់ ជាអ្នកដាំដំឡូងមី មកពីខេត្តកំពង់ចាម និងព្រៃវែង នៅមុខសាលាដំបូងខេត្ដកំពង់ ឆ្នាំងបានប្រាប់អ្នកយកពត៌មាន
យើងអោយដឹងថា នៅព្រឹកនេះពួកគាត់មានការរីករាយដោយថាតុលាការរកយុត្តិធម៌ជូនពួកគាត់បានត្រឹមត្រូវ ដោយប្រកាសសាលក្រមអោយឈ្មួញ នៅ សារី សងប្រាក់មកពួកគាត់ចំនួន៥៩លាន៣ពាន់រៀល ប៉ុន្តែសាច់ប្រាក់មិនទាន់បានសងនៅឡើយទោះបែបនេះប៉ុន្តែតុលាការបានដើរជំហ៊ានមួយដែលគួរអោយទុកចិត្ត និងទទួលយកបាន ។ នៅព្រឹកថ្ងៃទី២៩ និងទី៣០ ខែកក្កដាឆ្នាំ២០១៤នេះ គេបានសង្កេតឃើញឆ្មាំពន្ធធនាគារបាននាំខ្លួន នៅ សារី ចូលបន្ទប់សាវនាការនៃសាលាដំបូងខេត្តកំពង់ឆ្នាំង រួចនាំខ្លួន ចូលទៅក្នុងពន្ធធនាគារវិញ តែបើសង្កេតលើទឹកមុខ នៅ សារី ហាក់ដូចជាពុំមានអ្វីតក់ស្លុត បន្តិចសោះឡើយ មិនតែប៉ុណ្ណោះ នៅ សារី បាននិយាយឡកលើយដាក់អ្នកកាសែតទៀតផង ដោយប្រើសំដីថា «បើថតយកទៅចុះផ្សាយ ចុះផ្សាយអោយត្រឹមត្រូវ បើមិនដូច្នេះទេពេលចេញទៅវិញជួបគ្នា នឹងដឹងគ្នាជាមិនខាន » ។
សូមរម្លឹកថា ឈ្មួញរកស៊ីទិញ ដំឡូងមី ឈ្មោះ នៅ សារី និងប្រពន្ធ ដែលរយ:កាលកន្លងទៅ បានរកស៊ីបោកប្រាស់ ទិញដំឡូងពីប្រជាពលរដ្ឋ មិន ឲ្យលុយ ហើយយកឈ្មោះថ្នាក់ដឹកនាំ ទៅកាងនិងអួតអាង ដើម្បីជំនួញបោកប្រាស់ផ្ទាល់ខ្លួនខាងលើនេះ ត្រូវបានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ធ្វើការរុករកឃើញ ហើយធ្វើការចាប់ខ្លួនភ្លាមៗ បន្ទាប់ពីដឹងថា ជនឆបោកខាងលើនេះ បានគេចខ្លួនពីការតាមចាប់ របស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង មកលាក់ខ្លួនក្នុងខេត្តព្រះសីហនុ មិនបានប៉ុន្មានម៉ោងផងនោះ ។
ហេតុការណ៍ចាប់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង ១៥និង១៨នាទី រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ ក្នុងភោជនីយដ្ឋានឆ្នេរថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ខណៈដែលជនសង្ស័យកំពុងស្រស់ស្រូបអាហារថ្ងៃត្រង់ ។ឈ្មោះ នៅ សារី ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤នេះ ជនសង្ស័យពីបទឆបោកខាងលើនេះ ត្រូវបានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ធ្វើការប្រគល់ខ្លួន ទៅឱ្យសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីនាំត្រឡប់ទៅខេត្តកំពង់ឆ្នាំងវិញ ហើយបច្ចុប្បន្ននេះ នៅ សារី កំពុងជាប់ពន្ធនាគារខេត្តកំពង់ឆ្នាំង ។ ពាក់ព័ន្ធទៅលើសំណុំរឿងដំឡូងមី របស់ នៅ សារី មជ្ឈដ្ឋានទូទៅធ្វើការសន្និដ្ឋានថា នៅ សារី មិនអាចរួចខ្លួនពីពន្ធនាគារបានឡើយ ដោយសារមានការពាក់ព័ន្ធរឿងដំឡូងមីនេះជាច្រើនករណីជាបន្តបន្ទាប់ទៀត ដូចជាករណីឆបោក និង ក្លែងបន្លំមូលប្បទានបត្រ័ធនាគារកាណាឌីយ៉ាជាដើម ។