ពិធីចែកអំណោយបានរៀបចំនៅក្នុងវត្តទឹកល្អក់ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ក្រោមវត្តមានគណធិបតី ឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។
លោក ស កក្កដា អភិបាលស្រុកព្រៃនប់ លោកនិយាយថានៅស្រុកព្រៃនប់ តំបន់នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែងតែទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ជារៀងរាល់ឆ្នាំ។សម្រាប់ពលរដ្ឋដែលទទួលបានអំណោយនៅពេលនេះមាន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣ឃុំ គឺឃុំជើងគោមានចំនួន ១ខ្នងផ្ទះ ឃុំទឹកល្អក់ ៧០ខ្នងផ្ទះ និងឃុំទឹកថ្លា ១៥២ខ្នងផ្ទះ។
ក្នុឱកាសនៃការជួបសំណេះសំណាលនេះដែរ ឯកឧត្តម គួច ចំរើន បានពាំនាំការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនមានប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម គួច ចំរើន បានរំលឹកដល់អាជ្ញាធរនៅតាមមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់មើលប្រជាពលរដ្ឋដែលមានការលំបាកនិងជនងាយរងគ្រោះក្នុងដែនដីគ្រប់គ្រងរបស់ខ្លួន ត្រូវរាយការណ៍មកសាខាកាកបាទក្រហមខេត្តអោយបានទាន់ពេលវេលាដើម្បីលៃលកដោះស្រាយអោយបានទាន់ពេលវាលា ចៀសវាងការមិនបានដោះស្រាយដោយយើងមិនបានដឹង។
ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយនាំគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ។
ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់។
បើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ដើម្បីធានាថា សហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩។
សូមបញ្ជាក់ជូនថាអំណោយចែកជូននេះក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ។ការផ្តល់អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តនេះត្រូវបានធ្វើឡើងគ្រប់ក្រុង/ស្រុកទាំងអស់ដែលមានពលរដ្ឋរងគ្រោះដោយធម្មជាតិ ជនទីទ័លក្រ និងជនងាយរងគ្រោះដែលជួបបញ្ហាប្រឈមក្នុងជីវភាពជាដើម៕