រតនគិរី: សត្វដំរីព្រៃចំនួន២ហ្វូង បានដេីរវង្វេងផ្លូវ ចូលក្នុងឃុំចំនួន២ គឺឃុំប៉ក់ញ៉ៃ និងឃុំយ៉ាទុង ក្នុងស្រុកអូរយ៉ាដាវនៅពេលយប់បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ហើយបានបំផ្លាញផលដំណាំ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ។
លោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងប្រដាប់អាវុធ រួមមាន÷ កម្លាំងសឹករងស្រុក, កម្លាំងនគរបាលស្រុក កម្លាំងនគរបាលស្រុក និងកម្លាំងបរិស្ថានឧទ្យានជាតិអូរយ៉ាដាវ ចុះទៅអន្តរាគមន៍នៅឃុំយ៉ាទុង នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរីក្រោយពេលដែលទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។
លោក ស៊ឹម លីន បានឲ្យដឹងថា ហ្វូងសត្វដំរីព្រៃនេះ មានប្រមាណជាង ១៥ក្បាល ដើរចល័តនៅក្នុងឃុំប៉ក់ញ៉ៃ និងឃុំយ៉ាទុង ក្នុងពេលយប់ មានសភាពដ៏កាចសាហាវ គឺដើរជួបដំណាំបំផ្លាញដំណាំ, ជួបបាវស្រូវស៊ីស្រូវ, ជួបសម្ភារ:យកប្រម៉ោយវាយបំផ្លាញចោលផងដែរ។
លោកអភិបាលរងស្រុករូបនេះបានបន្តទៀតថា ហ្វូងដំរីព្រៃក្នុងឧទ្យានជាតិស្រុកអូរយ៉ាដាវ មានប្រហែលពី៤០ទៅ៥០ក្បាល ហើយសត្វដំរីព្រៃដែលមកបំផ្លាញផលដំណាំពលរដ្ឋនាពេលនេះអានឹងដើរដាច់ហ្វូងវង្វេងពីគ្នា។
លោកថា ដោយមានសំណូមពរ ពីប្រជាពលរដ្ឋឲ្យដាក់កងកម្លាំងប្រដាប់អាវុធប្រចាំការ គឺគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សម្រេចដាក់កម្លាំងចំនួន២គោលដៅ គឺភូមិដរតូចចំនួន៤នាក់ និងភូមិខ្វែងចំនួន៤នាក់ (ឃុំយ៉ាទុង) សហការជាមួយកម្លាំងប្រជាពលរដ្ឋ ក្នុងភូមិយាមឃ្លាំមើលហ្វូងសត្វដំរីព្រៃនេះ។
ដោយឡែក តំណាងប្រជាពលរដ្ឋ នៅក្នុងឃុំយ៉ាទុង បានឲ្យដឹងដែរថា រយៈពេល៥ទៅ៦ថ្ងៃនេះ ហ្វូងសត្វដំរីព្រៃ ចូលភូមិពួកគាត់ បានបំផ្លាញខ្ទមចាំចម្ការអស់ចំនួន១០ខ្នង, ស្រូវចំនួន៥៩បាវ, ដើមចន្ទីចំនួន១០ដើម, ម៉ាស៊ីនកាត់ស្មៅ៣គ្រឿង, ម៉ាស៊ីនបាញ់ស្មៅ៤គ្រឿង និងសម្ភារចានឆ្នាំងមួយចំនួនទៀតផងដែរ។
សកម្មភាពហ្វូងសត្វដំរីព្រៃខាងលើនេះ ពួកគាត់សំណូមពរឲ្យសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធ គៀងសត្វដំរីទាំងនោះឲ្យ ចូលទៅក្នុងព្រៃធំវិញ ដើម្បីខ្លាចក្រែងបង្ករហានិភ័យដល់កូនចៅពួកគាត់ ធ្វើដំណើរនៅពេលយប់ដូចជាឈឺស្កាត់, ស្ត្រីឈឺពោះមកមណ្ឌលសុខភាព។ល។