ទីបំផុតសមត្ថកិច្ចចាប់ជនសង្ស័យជាអ្នកបើករថយន្ត Lexus Rx300 ជាប់ពាក់ព័ន្ធការបាញ់សម្លាប់លោកប៉ូលីសព្រហ្មទណ្ឌកម្រិតស្រាល រ៉េត ស៊ីណែតហើយ

ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បានហើយ ពាក់ព័ន្ធករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយជនសង្ស័យ ម្នាក់នេះ ជាអ្នកបើករថយន្ត ឯជនដៃដល់កំពុងគេចខ្លួន។

សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់ មាន ជាអ្នកបើករថយន្តនៅចំណុចផ្ទះជួលជិតបច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ តាម ចម្លើយសារភាពបឋមរបស់ឈ្មោះ កែ ចាន់ មាន បានអោយដឹងថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពី ផឹកស៊ី ហើយបើករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។ ពេលមកដល់កន្លែងកើតហេតុខ្លួនបានបើករថយន្តបុកគូថរថយន្ត ជនរងគ្រោះពីក្រោយ។ បន្ទាប់មកជនរងគ្រោះ បានបើករថយន្តកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីអោយអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថ មកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានកំហឹងហើយប្រាប់ ខ្លួនអោយនៅស្ងៀមចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ។ ពេលកំពុងចរចាគ្នារឿងគ្រោះថ្នាក់ចរាចណ៍នេះ ដោយឃើញជនរងគ្រោះធ្វេសប្រហែសឈ្មោះ រ៉េន ក៏បាន ដកអាវុធខ្លី ដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឱ្យខ្លួនបើករថយន្តគេចចេញពីកន្លែងកើតហេតុភ្លាមៗតែម្តង។

សូមបញ្ជាក់ថា អំពើបាញ់ប្រហារនេះ បានកើតឡើងកាលពី វេលាម៉ោង១២ និង៥នាទីយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថី សហព័ទ្ធ រុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ បានអញ្ជើញដឹកនាំ លោក លោកស្រី ស្នងការរង នាយការិយាល័យ និងមន្ត្រីជាច្រើនរូប ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័កវរសេនីយ៍ឯក ជូនសពរបស់លោក វរសេនីយ៍ទោ រ៉េត ស៊ីណែត ជាកិច្ចបច្ឆាមរណ: ដែលបានទទួលមរណ: កាលពីរំលងអធ្រាតយប់ ថ្ងៃទី៣០។

ក្នុងពេលនោះដែរ ឯកឧត្តមស្នងការ បានបង្ហាញអារម្មណ៍ នឹកស្រណោះសោកស្តាយ ដែលបាត់បង់មន្ត្រីដ៏សកម្មម្នាក់ ដោយគាត់តែងតែបំពេញការងារបានយ៉ាងល្អ ជូនអង្គភាពក៏ដូចជាការចូលរួមសហការក្នុងការបង្ក្រាបបទល្មើសនានាជាច្រើន និងបានចូលរួមចំណែកការពារសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញនាពេលកន្លងមក។

សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត អាយុ ៤១ឆ្នាំ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកូន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ជាមន្ត្រីដ៏ល្អមួយរូបបានលះបង់ក្នុងការបម្រើសង្គមជាតិ ហើយគាត់ក៏មានការទំនាក់ទំនងយ៉ាង ល្អជាមួយមិត្តរួមការងារទាំងអស់ផងដែរ។ ឯកឧត្តមស្នងការ បានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ទោ រ៉េត ស៊ីណែត ផងដែរ។ ជាមួយ នោះដែរ ឯកឧត្តមស្នងការ ក៏បាននាំយកជាសម្ភារៈ និងថវិកា មួយចំនួន ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារសពផងដែរ៕