ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ខណ:កំពុងជិះម៉ូតូតាមផ្លូវក៏ត្រូវរថយន្តបែនដឹកខ្សាច់បើកលឿនជ្រុលមកបុកពីក្រោយនិងកិនទាំងមនុស្សនិងម៉ូតូអូសប្រហែលជាង១០ម៉ែត្រទើបដល់អ្នកបើកបររថយន្តឈប់ ធ្វេីឲ្យជនរងគ្រោះដាច់ជេីងម្ខាងរងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៤និង១៥ នាទីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១ នៅត្រង់ចំណុចស្ពានដៃចំការដូងតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយត្រូវបានរថយន្តបង្អែកដង្កោ ដឹកយកទៅសង្គ្រោះភ្លាមៗ ។ រីឯអ្នកបេីកបររថយន្តបង្ករមានឈ្មោះ ឃុន ទីឡុង ២៣ ឆ្នាំមុខរបរជាអ្នកបេីករថនយ្ត ស្នាក់នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅស្ពានដែកចំកាដូងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីចាស់ ពាក់ស្លាកលេខ ព9441 ភព1 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងទៅជើងហេីយឆ្លងស្តុបស្ពានដែកចំការដូង ស្របពេលនោះក៏មានបុរសម្នាក់បើកបររថយន្តបែនដឹកខ្សាច់ បើកបរតាមបណ្ដោយផ្លូវ៣៧១ បត់ឆ្វេងឡើងមកផ្លូវ២១៧ ក្នុងល្បឿនលឿនស្រាប់តែមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះនិងកិនអូសប្រហែលជា១០ម៉ែត្របណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសដាច់ជើងខាងស្ដាំ ភ្លាមនោះអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញដែលឈរជើងនៅស្ពានដែកចំការដូងឃាត់ខ្លួនភ្លាមៗ ។ ចំណែកជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយមក សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះមកដល់ទីតាំងកន្លែងកើតហេតុនិងធ្វើការវាស់វែងយកម៉ូតូនិងរថយន្តរួមទាំងអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ យកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕