ស្វាយរៀង៖មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង (ក ប ប) ដឹកនាំដោយលោក ផឹង និល ប្រធានសាខាខេត្តបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សកម្មភាពការងារ ចុះត្រួតពិនិត្យរបស់ មន្ត្រីជំនាញបានធ្វើឡើងនៅព្រឹកថ្ងៃទី ៦ ខែមករាឆ្នាំ២០២១។
លោកផឹង និលបានឲ្យដឹងថាថ្ងៃនេះមន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ៣២ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
លោកបានបន្តថាជាមួយគ្នានោះមន្ត្រីជំនាញយើងក៏បានចុះតាមស្ថានីយ៍ប្រេងឥន្ទនៈ បិទ និង ចែកខិតប័ណ្ណផ្សព្វផ្សាយលើខ្លឹមសា ( ការស្វែងយល់ដឹងអំពីអំពើរមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនិងប្រេងឥន្ទនៈ ) និង ពន្យល់ពីរបៀប Scan QR Code ដែលមាននៅលើខិតប័ណ្ណ ដើម្បីទាញយកឯកសា និង បទញ្ញាត្តិផ្សេងៗ ។
លោកបានបញ្ជាក់ថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជាពពុះសណ្ដែកចំនួន ២Kg មានសារធាតុគីមីបូរ៉ាក់ ស្ករគ្រាប់ចំនួន១០កញ្ចប់ នំពងទាចំនួន១០ថង់ ( ១៥ Kg )ចាហួយដូងចំនួន ៨ ធុង ( ១៦ Kg )ទឹកសៀង ចំនួន ១១ ដបទឹកភេសជ្ជៈ ម៉ាក ស្ទីង ចំនួន ១២ ដប ទឹកក្រូចឆ្មា ចំនួន ១០ ដប នំបាញ់ត្រាង ចំនួន ១៥ Kg។
លោកបានបន្ថែមថាទំនិញដែលខូចគុណភាពទាំងនេះត្រូវបានមន្ត្រីជំនាញយើងធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។
ឆ្លៀតក្នុងឱកាសនោះលោកផឹង និលបានអំពាវនាវដល់អាជីវករត្រូវសហការជាមួយមន្ត្រីជំនាញក្នុងធ្វើតេស្តរកសារធាតុគីមីហាមឃាត់និងរកទំនិញដែលខូចគុណភាពដើម្បីធានាបានសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់សុខមាលភាពទាំងអ្នកប្រើប្រាស់និងអ្នកលក់៕