ភ្នំពេញ៖ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដែលមានទីតាំង ស្ថិតនៅភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្ថាបនារួចជាស្ថាពរហើយ និងបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ ២០២១នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលភ្នំពេញនិងលោកស្រីជា ស៊ីណាឃួង ស្រេង រួមជាមួយនឹងអភិបាលរងរាជធានីអភិបាលខណ្ឌនិងមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។
មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញមានចំនួន៤អគារ ដែលក្នុងមួយអគារដាក់មនុស្សបាន១២៦នាក់ដូច្នេះ៤ អ គារស្មើនឹង៥០៤នាក់ចែកចេញជា៥០៤បន្ទប់ ស្មើនិង៥០៤គ្រែ ជាមួយនឹងការបំពាក់កង្ហារ បន្ទប់ទឹក បង្គន់អានាម័យនិងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបានបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនដែលត្រូវធ្វើចត្តាឡីស័កបានភាពងាយស្រួល។
លោកឃួង ស្រេង. បានមានប្រសាសន៍លើកឡើងថា មណ្ឌលចត្តាឡីស័កនេះ ធ្វើឡើងដើម្បីដាក់អ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរទាំងអស់នោះ ត្រូវបានចែកជាពីរប្រភេទ ពោលគឺ បើអ្នកដំណើរមានលទ្ធភាពគ្រប់គ្រាន់ មានលុយកាក់ច្រើន ពួកគាត់អាចធ្វើចត្តាឡីស័កនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ ។ តែបើអ្នកដំណើរមិនមានលទ្ធភាពគ្រប់គ្រាន់ទេ ពួកគាត់អាចធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីបាន ដោយមណ្ឌលនេះ មិនតម្រូវអោយមានការបង់ថ្លៃសេវានោះទេ ព្រមទាំងផ្ដល់នូវអាហារហូបចុកក្នុងមួយថ្ងៃ៣ពេល ជាមួយនឹងការធ្វើតេស្តសំណាកដោយមិនអស់ប្រាក់ថែមទៀត។
លោកក៏បានបញ្ជាក់ថា នៅថ្ងៃទី១១ខែមករាខាងមុខនេះ នៅតាមបណ្ដា សាលារៀនទាំងអស់ នៅក្នុងរាជធានីភ្នំពេញនឹងបើកវេសនកាល ចូលរៀនវិញ។ ដូច្នេះសាលាដែលធ្លាប់ជាកន្លែងធ្វើចត្តាឡីស័កត្រូវប្រគល់ទៅឲ្យសាលាវិញ ដើម្បីឲ្យសិស្សានុសិស្សអាចចូលរៀនបាន ។ ចំណែកបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមសាលារៀនទាំងនោះ នឹងត្រូវប្ដូរមកនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនេះ ។
បើតាមរបាយការណ៍របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថាអគារចត្តាឡីស័កនេះ មានចំនួន៤អាគារ ដែល១អគារមានទទឹង ២០ម៉ែត្រ និងបណ្តោយ ៤០ម៉ែត្រ មានបន្ទប់ទឹក និងបន្ទប់អនាម័យ ទំហំ ៧ម៉ែត្រ x ២២ម៉ែត្រ ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវលូ ទឹក ភ្លើង ។ក្នុង១អគារមានចំនួន ២១គ្រែ x ៦បន្ទប់ x ៤អគារ ស្មើ ៥០៤គ្រែ បង្អួច ១អគារ ទ្វារធំ ១អគារ ទ្វារតូច ១អគារចំនួន ៣២បង្អួច x ៤អគារ = ១២៨បង្អួច ចំនួន ០២ x ៤អគារ = ០៨ទ្វារ ចំនួន ០៣ x ៤អគារ = ១២ទ្វារ ។ កង្ហារ ១អគារ ចំនួន ៦០កង្ហារ x ៤អគារ = ២៤០កង្ខារ ។ កង្ហារបឺតខ្យល់ ១អគារចំនួន ៤កង្ហារ x ៤អគារ = ១៦កង្ខារ បន្ទប់ទឹកអនាម័យ១អគារ ចំនួន ១៥ x ៤អគារ = ៦០បន្ទប់ បន្ទប់ទឹក ១អគារ ចំនួន ១៥ x ៤អគារ = ៦០បន្ទប់ កញ្ចក់ឆ្លុះមុខ ១អគារ ចំនួន ១៤ x ៤អគារ = ៥៦កញ្ចក់ ឡាវ៉ាបូលាងដៃ ចំនួន ១៤ x ៤អគារ = ៥៦ឡាវ៉ាបូ ក្រាលកៅស៊ូបាតអគារ និងក្រាលបាតអគារសុខាភិបាលទំហំ ៣,៨៥០ម៉ែត្រ អំពូលភ្លើង 1.2ម៉ែត្រ ចំនួន ៥០អំពូល x ៤អគារ = ២០០អំពូល ។
អគារសុខាភិបាល ១ ទំហំ ៣៦៥ម៉ែត្រការ៉េបន្ទប់ទឹកអគារសុខាភិបាល ចំនួន ០២បន្ទប់បន្ទប់សម្រាប់យកសំណាក ចំនួន ០៤បន្ទប់បន្ទប់បុគ្គលិកពេទ្យផ្នែកខាងលើ ចំនួន ០៥បន្ទប់ អគារសន្តិសុខ១ ៕