ក្រចេះ : សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ចំនួន ១០៨នាក់ បានធ្វើពិធីប្រកាសបញ្ជូលជាសមាជិកថ្មី ក្រោមអធិបតីលោកជំទាវ ស៊ុន សាភឿន អ្នកតំណាងរាស្រ្តមណ្ឌលក្រចេះ រួមនិងលោក ភឹម ភីរ៉ា អភិបាលរងខេត្ត កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះ ។
ថ្លែងនៅក្នុងពិធីប្រកាសនោះ លោកជំទាវអ្នកតំណាងរាស្រ្ត បានកោតសរសើរដល់គណបក្សឃុំ -ស្រុក ព្រមទាំងក្រុមការងារទាំងអស់ដែលបានខិតខំផ្សព្វផ្សាយ អំពីគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា និងសមទ្ធិផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយមានភាពជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំ ព្រមទាំងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រជាពលរដ្ឋដែលជាសមាជិកគណបក្សប្រជាជនថ្មី បានសំរេចចិត្តយ៉ាងត្រឹមត្រូវមកចូលជាសមាជិករបស់គណបក្ស ។
លោកជំទាវ មានប្រសាសន៍ថា ៖ ក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវក្លាហាន ស្វាហាប់ គោរពនូវតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសយុវជន និងសមាជិកគណបក្សប្រជាជនម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹក ពិតប្រាកដជូនគណបក្សប្រជាជនកម្ពុជា បើគណបក្ស ប្រជាជនកម្ពុជាឈ្នះឆ្នោត គឺដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍឱ្យបានយូរ អង្វែងតទៅទៀតសម្រាប់អនាគត់កូនចៅជំនាន់ក្រោយ ។
ក្នុងនោះលោកជំទាវអ្នកតំណាងរាស្ត្រ ក៏បានលើកឡើងអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានជួយរំដោះប្រទេសជាតិ ឲ្យរួចផុតរបបប្រល័យពូជសាសន៍ ដោយបានដឹកនាំ ប្រទេសឲ្យមានការរីកចម្រើន ជាពិសេសអាចរក្សាបាននូវស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញទូទាំងប្រទេស ប្រជាពលរដ្ឋមានជីវភាពប្រសើរជាងមុន និងរស់ នៅបានភាពសុខដុមរមនា ។
លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវផ្លាស់ប្តូរទម្លាប់នៃការរស់នៅដោយរក្សាអនាម័យជាប់ជានិច្ច ហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែល ដាក់ជាប់តាមខ្លួនជាប្រចាំនៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ត្រូវពាក់ម៉ាស នៅពេលចាំបាច់ ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ។ ម្យ៉ាងវិញទៀតត្រូវជួយអប់រំណែនាំកូនចៅឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរប្រកបដោយសុវត្ថិភាព និងត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ៕