ឆ្នេរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុត្រូវបានសំអាតនិងកែច្នៃអោយកាន់តែមានសោភណ្ឌភាពដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិអន្តរជាតិ

ខេត្តព្រះសីហនុ៖ រយៈពេល៥ថ្ងៃនេះចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ ២០២១ អាជ្ញាធរក្រុងព្រះសីហនុ និងផ្នែកផ្សេងៗបាននាំកំលាំងសំអាតនៅតាមបណ្តោយឆ្នេរមួយចំនួន មានដូចជាឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ។ទន្ទឹមនឹងការសំអាតសំរាមក៏មានការកែលម្អឆ្នេរខ្សាច់ដោយកាប់កាយគាស់គល់ឈើងាប់ចេញនិងចាក់បំពេញខ្សាច់នៅតាមទីតាំងមួយចំនួនផងដែរ ធ្វើយ៉ាងណាអោយតំបន់ឆ្នេរកាន់តែមានភាពទាក់ទាញបន្ថែមទៀតដើម្បីរងចាំទទួលភ្ញៀវទេសចរចូលមកលេងកំសាន្តដោយក្តីសប្បាយរីករាយ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះ សីហនុ បានឱ្យដឹងថា៖រយៈពេល ៥ថ្ងៃមកនេះ ក្រុមការងារប្រមូលដឹកចេញនូវគល់ឈើ ដើមឈើងាប់ និងសម្អាតដុំថ្មនៅតាមឆ្នេតអូត្រេះ១ អូត្រេះ២ និងឆ្នេរអូរឈើទាល២ បានចំនួន ៤២(ឡាន)ស្មើនឹង ៥០៤តោន។កំលាំងដែលបានចូលរួមក្នុងសកម្មភាពសំអាតឆ្នេរនេះមាន ការពារ និងបុគ្គលិកសម្អាតឆ្នេរ ឆ្នាំសមុទ្រ ក្រុមហ៊ុនស្ថាបនាផ្លូវ ពិស្ណុការ សរុបចំនួន ១៣៧នាក់។
នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយពួកគេ នៅឆ្នេរអូរឈើទាល២ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយបានកោតសរសើរនិងផ្តល់ប្រាក់លើកទឹកចិត្តមួយចំនួនផង។

ឯកឧត្តម គួច ចំរើន កាលពីមុននៅតំបន់នេះមានការលំបាកព្រោះមានសំរាម និងមិនមានលំហរសាធារណៈ សម្រាប់អោយភ្ញៀវមកលេងដោយសេរី។ពេលនេះយើងបានរួមគ្នាប្រឹងប្រែង ដើម្បីរៀបចំកែលម្អបន្តិចម្ដងៗរហូតក្លាយជាលំហសាធារណៈ មានឆ្នេរ មានកន្លែងដើរកម្សាន្តជាដើម។ទោះបីថ្ងៃនេះយើងបានដឹកសំរាមចេញ មានគល់ឈើ ដើមឈើងាប់ និងដុំថ្មជាង ៥០០តោនក៏ដោយ ក៏សំរាមនៅមិនទាន់អស់ទេ។យើងនៅតែបន្តយកចិត្តទុកដាក់កែលម្អឱ្យមានភាពស្រស់ស្អាតបន្ថែមទៀត ដើម្បីធានាថា អ្នកទេសចរទាំងឡាយមកកម្សាន្តនៅទីនេះមិនរំខាន។
ឯកឧត្តម គួច ចំរើន បានកត់សំគាល់ថាសំរាមកើតចេញមកដោយសារមនុស្ស។អ្នកខ្លះបានខ្ចប់អាហារយកមកហូបនៅមាត់ឆ្នេរប៉ុន្តែអ្នកមួយចំនួនតូចពេលហូបហើយត្រឡប់ទៅវិញ មិនបានវិចខ្ចប់ទុកដាក់អោយបានត្រឹមត្រូវដោយគេបានបន្សល់សំរាមរាយប៉ាយនាំអោយប៉ះពាល់ដល់បរិស្ថានឆ្នេរសមុទ្រ។វាជាទំលាប់អាក្រក់មួយគួរតែប្តូរចេញ។
ឯកឧត្តមអំពាវនាវអោយមានការចូលរួមលើកកំពស់សម្រស់ឆ្នេររបស់យើងអោយបានស្អាតនិងផ្លាស់ប្តូរទំលាប់មិនល្អបោះសម្រាមចោលពាសវាលពាសកាលនោះដោយងាកមករៀបចំទុកដាក់របស់របរប្រើប្រាស់របស់ខ្លួនអោយបានល្អមុននឹងចាកចេញទៅវិញពីកន្លែងហូបអាហារ។
បន្ថែមលើសនេះឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បណ្ដុះកូនស្ងាវ ដើម្បីយកមកដាំដុះនៅតាមបណ្តោយឆ្នេរដើម្បី ផ្តល់នូវសោភ័ណ្ឌភាព ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ៕