ជនដៃដល់ជាមន្ដ្រីនគរបាលពាក់ស័ក្កិ៤ បាញ់ប៉ុនប៉ងសម្លាញ់បុរសម្នាក់ នៅលើផ្លូវ៣៧១ នគរបាលចាប់ជនដៃដល់មិនទាន់បានទេ រយៈពេល ១ខែកន្លងមកហើយ

(ភ្នំពេញ) ៖ មហាជនច្បាស់ជាបានដឹងហើយអំពីសំណុំរឿងប៉ុនប៉ងបាញ់សម្លាប់បុរសម្នាក់ពីសំណាក់មន្ដ្រីនគរបាលពាក់ស័ក្កិ៤ម្នាក់ឈ្មោះ កេត ផារ៉ែន នៅចំណុចផ្លូវ៣៧១ កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ បើគិតមកដល់ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ រយៈពេល១ខែកន្លងមកហើយ នគរបាលមិនទាន់តាមចាប់ខ្លួនជន ដៃដល់បាននៅឡើយទេ ទោះស្គាល់អត្តសញ្ញាណច្បាស់លាស់ ក៏ដោយ ។

មជ្ឈដ្ឋានជាច្រើនសង្ឃឹមថា សមត្ថកិច្ចនឹងចាប់ខ្លួនប៉ូលិសស័ក្តិ៤ កេត ផារ៉ែន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីជួយរកយុត្ដធម៌ជូនដល់ជូនរងគ្រោះ ។

សូមជម្រាបជូនថា បទល្មើសបាញ់ នេះ កើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន២ខណ្ឌមានជ័យ ជាប់ព្រំប្រទល់ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនរងគ្រោះឈ្មោះ ប៊ុន ស៊ីម អាយុ៣៩ឆ្នាំ បញ្ជាក់ប្រាប់ថា មុនពេលកើតហេតុគាត់មានគ្នា៤ នាក់ ជិះម៉ូតូចេញពីញាំអីនៅម្ដុំបឹងត្របែក រួចបានជូនមិត្តភក្តិមកផ្ទះ នៅកន្លែងកើតហេតុ(ផ្លូវ៣៧១)។

លុះមកដល់មុខផ្ទះមួយភ្លេត ស្រាប់តែលេចមុខជនដៃដល់ដែលធ្លាប់ស្គាល់គ្នាតែមិនសូវជិតស្និត បានចុះពីលើរថយន្តមិនចាំម៉ាកហើយដើរឆ្លងផ្លូវមកសួរនាំមិត្តភក្តិគាត់ រួចក៏ដើរទៅជិះរថយន្តរបស់ខ្លួនវិញ នៅលើផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ហើយជន ដៃដល់ បានបើកកញ្ចក់រថយន្ត ដកកាំភ្លើងខ្លីបាញ់សំដៅមកលើជនរងគ្រោះដែលនៅផ្លូវម្ខាងទៀត ក្នុងសង្កាត់ដង្កោខណ្ឌដង្កោ ចំនួន ២គ្រាប់ ដោយមួយគ្រាប់ចំជើងខាងស្ដាំ និង មួយគ្រាប់ទៀតចំទ្វាកញ្ចក់មួយផ្ទាំងបែកខ្ទេច រួចក៏បើករថយន្តគេចខ្លួនបាត់ ។

ជនរងគ្រោះបន្តថា រូបគាត់ក៏ប្រញាប់ទៅមន្ទីពេទ្យដើម្បីពិនិត្យ និង លាងរបួស មួយសន្ទុះក្រោយមករូបគាត់បានមកកន្លែងកើតហេតុវិញ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានជាច្រើនចុះមកផ្ដិតយករូបភាព និង Live ទើបដឹងឮ ដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដង្កោ ចុះមកដល់កន្លែងកើតហេតុ ៕