(កំពង់ធំ)៖ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនិងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល័្លង្កបានថ្លែងថាការបណ្ដុះបណ្ដាលធនធានមនុស្សពិតជាមានសារៈសំខាន់ណាស់សម្រាប់កសាងប្រទេសជាតិ ។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ប្រមាណ៥០នាក់ នៅវិទ្យាល័យក្រយា ស្ថិតនៅឃុំក្រយា ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំរសៀលថ្ងៃទី ១០ខែមករាឆ្នាំ ២០២១ ។
ឯកឧត្តម បាននាំការផ្តាំផ្ញើពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរលើវិស័យអប់រំ លើការបណ្តុះបណ្តាលធនធានមនុស្ស។
លោក ជា អឿង បានលើកបង្ហាញពីការសិក្សាពីជំនាន់មួយទៅជំនាន់មួយកាន់តែរីកចម្រើនធ្វើឲ្យធនធានមនុស្សកាន់តែមានចំណេះដឹងទូលំទូលាយ ហើយបច្ចុប្បន្ននេះមានផ្លូវ ថ្នល់ ស្ពាន វត្តអារាម សាលារៀនគ្រប់ទិសទី ដែលកូនចៅអាចទទួលយកចំណេះដឹងបានងាយស្រួល។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំលះបង់ទាំងកម្លាំងកាយប្រាជ្ញាស្មារតីបង្ហាត់បង្ហាញសិស្សានុសិស្ស។
ឯកឧត្តមបានផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រស្ដាប់លោកគ្រូអ្នកគ្រូឪពុកម្ដាយអាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ ស្ដាប់លោកគ្រូអ្នកគ្រូហើយ ត្រូវយកបទពិសោធន៍ របស់រៀមច្បងមកធ្វើជាមូលដ្ឋានគ្រឹះ ហើយមិនត្រូវប្រើប្រាស់ឧបករណ៍ប្រព័ន្ធអេឡិចត្រូនិច ដោយខុសពេលវេលានោះទេត្រូវប្រើប្រាស់អ្វីៗឱ្យមានប្រយោជន៍ដើម្បីយើងក្លាយជាធនធានមនុស្សមួយ សម្រាប់ជួយកសាងប្រទេសជាតិ ហើយការសិក្សាត្រូវមានការតស៊ូ អ្វីដែលសំខាន់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនជារៀងរហូតជាពិសេសនោះ ត្រូវបង្កើតនូវការសិក្សារៀនភាសាបរទេសបានច្រើនដោយសិក្សាពេញមួយជីវិត ត្រូវចេះជួយខ្លួនឯងមុនឱ្យអ្នកដទៃជួយហើយនៅទីណាក៏អាចយើងក៏អាចរៀនបានដែរ និងត្រូវមានការទំនាក់ទំនងរាល់មជ្ឈដ្ឋានខាងជុំវិញខ្លួន ដោយសេពគប់តែមិត្តល្អ ការអប់រំគឺឱ្យមានការផ្លាស់ប្ដូរ ពិនិត្យដោយមានការពង្រឹងសមត្ថភាព ដើម្បីឱ្យក្លាយខ្លួនជាទំពាំងស្នងឫស្សីល្អ និងបើកបរត្រូវមានការប្រុងប្រយ័ត្ន និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។
លោក ជា អឿង បាននាំយកនូវសម្ភារសម្រាប់ចែកជូនលោកគ្រូ អ្នកគ្រូចំនួន ៣៥នាក់ ក្នុង១នាក់ ទទួលបានសារុង១ ថវិកា ៥០.០០០រៀល និងសិស្សជាប់សញ្ញាបត្រ ៧៣នាក់ ក្នុង១នាក់ ទទួលបានថវិកា ២០.០០០រៀល និងសៀវភៅ ប៊ិចផងដែរ៕