ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការសាលាខេត្ត ក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរស្រុក ចូលរួមរំលែកទុក និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន២ គ្រួសារ ស្ថិតនៅភូមិធ្យូង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។
អំណោយដែលបានប្រគល់ជូនគ្រួសាររងគ្រោះទាំង២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម សម្ភារផ្ទះបាយ ១ឈុត មី១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកសុីអ៉ីវ ១យួរ ទឹកបរិសុទ្ធ ១កេស ម៉ាស់ ១ប្រអប់ អាលកុល ១ដប ឃីត១ឈុត ប្រេងឆា១ដប និងថវិកា ចំនួន១លានរៀល ដោយឡែកគ្រួសារ មានសមាជិក១៤នាក់ បានឧបត្ថម្ភថវិកា ១លាន៥សែនរៀល។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះគ្រួសាររងគ្រោះទាំងពីរគ្រួសារ ដែលត្រូវបានអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង។ ឯកឧត្តមក៏បាន លើកទឹកចិត្តដល់គ្រួសារទាំងពីរ សូមកុំមានការអស់សង្ឃឹមក្នុងជីវិត ត្រូវបន្តខិតខំរកស៊ីតាមលទ្ធភាពរបស់ខ្លួនបន្ថែមទៀត។
ក្នុងឱកាសនោះដែរឯកឧត្តមក៏បានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក និងក្តីសោកស្តាយបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ជាពិសេសបងប្អូនទាំងពីរគ្រួសារ ត្រូវបានអគ្គីភ័យឆេះផ្ទះនាពេលនេះ ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់វណ្ណៈបក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាកានយោបាយឡើយ។
ដោយមើលឃើញពីការលំបាកជាក់ស្ដែងរបស់គ្រួសាររងគ្រោះទាំងពីរ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន ១ពាន់ដុល្លារ ជូនគ្រួសារ លោក ផាត់ បូ សម្រាប់ជួសជុលផ្ទះ ដោយឡែកគ្រួសារ លោក គូ ដេត ដែលមានសមាជិក១៤នាក់ ឯកឧត្តមជួយសាងសង់ផ្ទះសមរម្យជូនពួកគាត់ផងដែរ៕