ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ទីក្រុងភ្នំពេញបច្ចុប្បន្ន កំពុងតែមានការរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រជាពលរដ្ឋរស់នៅកាន់តែមានភាពស៊ីវិល័យទាំងសម្ភារៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលបារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការងារ អភិវឌ្ឍន៍ នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ បា នឈានដល់ដំណាក់កាលលើសពីមធ្យមដែលរាជធានី ភ្នំពេញ របស់យើងកាន់តែស៊ីវីល័យទៅៗទាំងមនុស្ស និងឧបករណ៍ ប្រើប្រាស់នានា ដូចនេះ យើងត្រូវតែរឹតបន្តឹងរាល់ការងារអភិវឌ្ឍន៍ ត្រូវតែស្អាតជាពិសេសការសាងសង់តែម្តង។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ បែបនេះ នៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាព របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ ។

ឯកឧត្តម បន្តថា ទីក្រុងភ្នំពេញបច្ចុប្បន្ន គឺមានការរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រជាពលរដ្ឋរស់នៅកាន់តែមានភាពស៊ីវិល័យទាំងសម្ភារៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងបច្ចុប្បន្នមានការរីកចម្រើន ដោយមានហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលជាច្រើនដូចជា មានអាគារខ្ពស់ៗ មានសាលារៀន មានមន្ទីរពេទ្យ មណ្ឌលសុខភាព ពិសេសមានផ្លូវគមនាគមន៍ដ៏ល្អ។ ក្នុងការអភិវឌ្ឍ និងរីកចំរើនឥតឈប់ឈរនេះដែរ ក៏ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម ដែលធ្វើចរាចរណ៍តាមដងផ្លូវទាំងអស់ ត្រូវធានានូវសណ្តាប់ធ្នាប់នៅតាមដងផ្លូវឲ្យបានខ្ជាប់ខ្ជួន ពិសេសមានទំនួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ ដើម្បីចូលរួមសម្អាតទីក្រុងឲ្យកាន់តែមាន សោភ័ណភាពស្រស់ស្អាតជានិច្ច។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ ថាយើងទាំងអស់គ្នា ពិតជាសប្បាយរីករាយ ដោយសារទីក្រុងយើងកំពុងអភិវឌ្ឍន៍ នឹងបានឈានដល់លើសពីកំរិតមធ្យម ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ ។

កាលមុនទីក្រុងកំពុងអភិវឌ្ឍ វាមានបញ្ហាច្រើន ពីមុនយើងបិទភ្នែក ពេលឡានដឹកដីប្រឡាក់បន្តិចបន្តួចលើដងផ្លូវយើងសុខចិត្តទ្រាំលាងសម្អាតឱ្យ ប៉ុន្តែឥឡូវគឺអត់ទេ ដឹកហើយត្រូវតែលាងឱ្យស្អាត ដែលនេះជាកិច្ចការងារត្រូវធ្វើ ដើម្បីចូលរួមចំណែកជាមួយនឹងការអភិវឌ្ឍន៍ ធ្វើយ៉ាងណាអភិវឌ្ឍទៅតាមអនុសាសន៍របស់សម្តេចតេជោ មិនមែនអភិវឌ្ឍន៍មួយបំផ្លាញមួយទេ គឺអត់ចីរភាពទេ តែឥឡូវនេះគឺត្រូវតែស្អាត៕