សមាគមន៍ទេសចរណ៍ម្ចាស់អាជីវកម្មសណ្ឋាគារនិងភោជនីយដ្ឋានបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី”ការរៀបចំពង្រាងផែនការអភិវឌ្ឍទីផ្សារទេសចរណ៍ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាមាសបៃតង និងជាវិស័យអាទិភាព មួយក្នុងចំណោមវិស័យអាទិភាពនានាចូលរួមជំរុញកំណើននិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចតាមរយៈការបង្កើតការ ងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ការទ្រទ្រង់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ការចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌និងធនធានធម្មជាតិរបស់ប្រទេសយ៉ាងសំខាន់។ដូចនេះហើយមន្ទីរទេសចរណ៍ខេត្តបាន បើក“សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍នៅខេត្តព្រះសីហនុ ។
.លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុបានលើកឡើងថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលដៅសេដ្ឋកិច្ចគំរូពហុបំណងស្របតាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០.២០២៥និងនៅក្នុងគោលនយោបាយនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេចរណ៍ជាតិផ្អែកលើសក្តានុពលដ៏វិសេសវិសាលនៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិរួមមាន កំពង់ផែអន្តជាតិឆ្នេរនិងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិរាមទឹកជ្រោះក្បាលឆាយនិងធនធាននៅបាតសមុទ្រជាដើមដែលផ្តល់សក្តានុពលយ៉ាងធំធេងសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនានិងសម្រាកកម្សាន្តច្រើនជារៀងរាល់ឆ្នាំ។នៅក្នុងឆ្នាំ២០២០ ខេត្តព្រះសីហនុ ទទួលភ្ញៀវសរុបជាង១លាននាក់ថយចុះ៥៤,៣០%ធៀបនឹងឆ្នាំ២០១៩ ។បច្ចុប្បន្នខេត្តព្រះសីហនុមានមូលដ្ឋានអាជីវកម្មសរុបចំនួន៣៦៦ទីតាំងបុគ្គលិកបំរើការងារផ្ទាល់ក្នុងវិស័យទេសចរណ៍សរុប ៧៧០៩នាក់ ក្នុងនោះស្រី ៣៤,០៧នាក់។
.មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ សុគន្ធ ទីប្រឹក្សាក្រសួងទេសចរណ៍ និងនាយក ចាត់ចែង គម្រោង បានលើកឡើងថា ទន្ទឹមនឹងខេត្តព្រះសីហនុ មានសក្តា នុពលធនធានធម្មជាតិដ៏សម្បូរបែប ដូចនេះ ដើម្បីអភិវឌ្ឍទេសចរណ៍ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅខេត្តកាន់ច្រើន ចាំបាច់ត្រូវតែរួមគ្នា រៀបចំផែនការទីផ្សារទេសចរណ៍របស់យើងឱ្យបានត្រឹមត្រូវសមស្រប នោះគឺការវិភាគឱ្យបានច្បាស់លាស់គោល ដៅទេសចរណ៍ចំណុចខ្លាំងចំណុចខ្សោយឱកាសនិងការគម្រាមគំហែងនៃគោលដៅទីផ្សាររបស់យើងនិងគោលដៅទីផ្សារដែលត្រូវប្រគួតប្រជែង។ជាពិសេសការកំណត់គោលដៅឬអតិថិជនរបស់យើងឱ្យបានច្បាស់លាស់ និងរៀបចំទីផ្សារចម្រុះដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនឱ្យបានត្រឹមត្រូវ ក៏ដូចជាកា រៀប ចំឱ្យមានតុល្យ ភាពនៃផែនការទីផ្សារផ្គត់ផ្គង់ប្រកបដោយផលិតផលទេសចរណ៍សម្បូរបែប មានលក្ខណៈប្លែក និងមានគុណ ភាពនិងទីផ្សារតម្រូវការដែលមានលក្ខណៈសមស្របជាក់ស្តែងដើម្បីធានាបាននូវនិរន្តភាពនៃទីផ្សារ និងសារៈ ប្រយោជន៍ពិតប្រាកដដល់អ្នកប្រើប្រាស់ ឬភ្ញៀវទេសចរណ៍។
.ឯកឧត្តមក៏បានបន្ថែមថា ទន្ទឹមនេះ យើងចាំចាច់ត្រូវធ្វើផែនការអភិវឌ្ឍ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានអនាម័យ សណ្តាប់ធ្នាប់ និងសន្តិសុខសុវត្ថិភាពសាធារណៈនៅក្នុងទីក្រុង ក៏ដូចជានៅតាមតំបន់ទាក់ ទាញទេសចរណ៍សំខាន់ៗឱ្យបានល្អប្រសើរ។ ជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវិដ១៩-ការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ឬទីផ្សារទេសចរណ៍ចាំបាច់ត្រូវគិតគូរឱ្យបានម៉ត់ចត់ដោយផ្អែកលើបរិបទនៃការបម្រែបម្រួលនៃគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទាំងនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកពាក់ព័ន្ធទៅនឹងការធ្វើដំណើររបស់អ្នកវិនិយោគ និងភ្ញៀវទេសចរឱ្យមានលក្ខណៈសមស្រប និងងាយស្រួលផងដែរ៕