របរចិញ្ចឹមបង្កងលក់ កំពុងមានការចាប់អារម្មណ៍ និងបញ្ជាទិញនៅលើទីផ្សារក្នុងខេត្តស្ទឹងត្រែង និងក្រៅខេត្ត!!

0

ខេត្តស្ទឹងត្រែង៖បង្កងចិញ្ចឹម កំពុងទទួលបានការគាំទ្រពីអតិថិជននិងកុម្មង់ទិញ ធ្វើឲ្យមានការចាប់
អារម្មណ៍នៅលើទីផ្សារក្នុងខេត្ត និងក្រៅខេត្ត ។លោក សុទ្ធ ភីរម្យ អាយុ៣៩ឆ្នាំ អ្នកចិញ្ចឹមបង្កងលក់ នៅភូមិបាចុង ក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែងបានរៀបរាប់ថាៈលោកជាអ្នកធ្លាប់បានបម្រើការនៅក្រុមហ៊ុនចិញ្ចឹមបង្កងលក់ដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ព្រមទាំងបានសិក្សាស្រាវជ្រាវតាមឯកសារមួយចំនួន និងធ្លាប់បានសិក្សាពីវិធីសាស្រ្តក្នុងការចិញ្ចឹមបង្កង តាមរយៈប្រព័ន្ធផ្សព្វផ្សាយ(youtube) ផងដែរ បន្ថែមពីនេះ ធ្វើឲ្យលោកមានគំនិតបង្កើតអាជីវកម្មជាកសិដ្ឋានចិញ្ចឹមបង្កងលក់ដោយខ្លួនឯងតែម្តង ។

លោកបន្ថែមថាៈមុខរបរមួយនេះអាចនិយាយបានថាងាយស្រួលនិងក៏ពិបាកដែរ ។ បើសិនជាដាក់ចិត្តចាប់យកមុខរបរមួយនេះហើយយើងត្រូវតស៊ូព្យាយាមស្វែងយល់ពីបច្ចេកទេសឲ្យបានច្បាស់ជាមុនសិន ដូចជាការរៀបចំជាប្រព័ន្ធអាងចិញ្ចឹមតាមបច្ចេកទេសឲ្យបានត្រឹមត្រូវ និងប្រើប្រាស់អុកស៊ីសែនជាដើម ។ ហើយអ្វីដែលជាកក្តាសំខាន់នោះគឺត្រូវធ្លាប់បានសិក្សាលើបច្ចេកទេសក្នុងការចិញ្ចឹមជាមុន ឬក៏ជួបសាកសួរជាមួយអ្នកធ្លាប់មានបទ
ពិសោធន៍ដោយផ្ទាល់ ដើម្បីចៀសវាងនាំឲ្យខាតបង់នូវពេលវេលា និងថវិកា ។

លោកថាៈបង្កងដែលលោកចាប់អារម្មណ៍ គឺប្រភេទបង្កងអូស្ត្រាលីក្នុងចំណោមបង្កងជាច្រើនប្រភេទទៀត នៅលើទីផ្សារសព្វថ្ងៃនេះ!លោកបានអនុវត្តក្នុងការចិញ្ចឹមបង្កងនេះ អស់រយៈពេលជាង១ឆ្នាំហើយ! ហើយក្នុងនោះ អតិថិជនក៏ចាប់ផ្ដើមស្គាល់ និងបានទំនាក់ទំនងទិញពូជបង្កងពីលោកតាមបណ្តាញសង្គម(facebook) និងមានអតិថិជនខ្លះទៀត ក៏បានជួយគាំទ្រ ទៅទិញដល់កសិដ្ឋានដោយផ្ទាល់តែម្តង ។

លោក សុទ្ធ ភីរម្យ កសិករចិញ្ចឹមបង្កង នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង បានសំណូម
ពរឲ្យកសិករដែលប្រកបរបរចិញ្ចឹមសត្វលក់ ដូចជាៈត្រី កង្កែប ជ្រូក មាន់ ទា ជាដើមនោះ សូមឲ្យមានការបង្កើនបន្ថែមមួយផ្នែកទៀត គឺការចិញ្ចឹមបង្កងនេះ ដើម្បីតម្រូវការទីផ្សារ ព្រោះការចិញ្ចឹមបង្កងលក់នេះ បានជួយបង្កើនប្រាក់ចំណូលដល់គ្រួសារឲ្យកាន់តែប្រសើរឡើងថែមទៀតផង ។

លោកភីរម្យ បញ្ជាក់ថាៈចំពោះការប្រមូលផល ក្នុងមួយរដូវកាលគឺមានរយៈពេលបីខែកន្លះម្ដង ។ ក្នុងនោះអាចលក់កូនបានដល់ទៅ១ម៉ឺនក្បាល ស្មើនិងទឹកប្រាក់ចន្លោះពី៥ពាន់ទៅ៨ពាន់ដុល្លារ ។ រីឯសម្រាប់ការលក់ចេញនូវកូនបង្កង១ម៉ឺនក្បាល ត្រូវចំណាយដើមទុនអស់៣ពាន់ដុល្លារយ៉ាងតិចហើយប្រមូលផលវិញបាន៩ពាន់ដុល្លារ (ចំពោះបង្កងសាច់) ។ ហើយបង្កងសាច់នេះអាចលក់នៅលើទីផ្សារ បានក្នុងតម្លៃ ចាប់ពី២៥ ទៅ៣០ដុល្លារ
ក្នុង១គីឡូក្រាមផងដែរ ៕