បន្ទាយមានជ័យ ៖ឧបករណ៍ព្រោះស្រូវ ៥០គ្រឿង ត្រូវបានប្រគល់ជូនសហគមន៍កសិកម្ម បណ្តុំកសិករនិងស្ថាប័នឯកជននៅបន្ទាយមានជ័យការប្រគល់ និងទទួលនេះ ពីមន្ទីរ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ដែលជាអំណោយរបស់សម្តេចតេជោ ។
លោកប៉ាង វណ្ណាសេដ្ឋ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២១ នាមន្ទីរថា៖ ម៉ាសុីនព្រោះស្រូវនេះ ជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រគល់មកក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយក្រសួងបែងចែកមកមន្ទីរចំនួន៥០គ្រឿង សម្រាប់ផ្តល់ដល់សហគមន៍កសិកម្ម បណ្តុំកសិករនិងស្ថាប័នឯកជនក្នុងខេត្ត។
ម៉ាសុីននេះនឹងជួយការព្រោះដាំដុះស្រូវជាជួរ ស្មើសាច់និងមានដំណុះដើមស្រូវល្អ ហើយចំណេញលើចំណាយថ្លៃដើមទាំងលើការព្រោះស្រូវពូជនិងស្រូវចំណី ។
លោកប៉ាង វណ្ណសេដ្ឋ បានបន្តថា៖ បំណងដែលក្រសួងក៏ដូចមន្ទីរជម្រុញនិងជួយជ្រោមជ្រែងគឺចង់អោយកសិករប្រើប្រាស់និងពង្រឹងពូជស្រូវល្អទើបធានាទទួលបានផលល្អ ច្រើននិងមានគុណភាព ។ ក្នុងនោះស្នើអោយសហគមន៍កសិករផលិតស្រូវពូជផ្សេង ឯកសិករធ្វើស្រូវចំណី ចាំតែទិញពូជតែម្តង ទើបល្អជាង ការផលិតពូជផងនិងធ្វើស្រូវចំណីផង ។ ដូចជាក្នុងខេត្តមានសហគមន័ផលិតពូជស្រូវនៅភូមិសំរោងលិចស្រុកអូរជ្រៅជាដើម ។
ក្នុងនោះ ត្រូវទៅទិញពូជគ្រឹះពីវិទ្យាស្ថានពូជស្រូវខាឌី (CARDI) មកផលិតស្រូវពូជទើបសុទ្ធល្អ ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខបានគិតគូរ យកចិត្តទុកដាក់យ៉ាងខ្លាំងដល់វិស័យកសិកម្មនិងកសិករ ។ក្នុងនោះមានអនុវិស័យផលិតកម្មស្រូវ ដែលសម្រាប់ផ្គត់ផ្គង់ជាស្បផងហូបចុកនិងបម្រើដល់ការនាំចេញ ។
ឯកឧត្ដម អ៊ុ រាត្រី បានបន្តថា ៖ ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យ មានស្កតានុពលនិងវិសាលភាពធំទូលាយខាងវិស័យកសិកម្មតាំងពីដំណាំស្រូវ បន្លែ ដំឡូងមី ពោត សណ្តែកសៀង ការចិញ្ចឹមត្រី ការចិញ្ចឹមសត្វជាម្ហូបអាហារ ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្ដម បានថ្លែងអំណរគុណសម្តេចតេជោ ក៏ដូចក្រសួងកសិកម្មដែលបានផ្តល់ម៉ាសុីនព្រោះស្រូវនេះ ហើយ សង្ឃឹមថា សហគមន៍កសិកម្ម បណ្តុំកសិករនិងស្ថាប័នឯកជនដែលជាអ្នកទួលផលពីអំណោយនេះយកទៅប្រើប្រាសអោយចំគោលដៅ និងមានប្រយោជន៍ដល់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិ ។
សូមបញ្ជាក់ថា រដូវស្សាឆ្នាំ២០១៩-២០ កន្លងមក កសិករក្នុងខេត្តបានធ្វើស្រូវវស្សាបានជិត២៦ម៉ឺនហិចតាឬជាង១១៦ភាគរយនៃផែនការ ។ឯស្រូវប្រាំងចុងរដូវវស្សាវិញ លើផែនការ២២.០០០ហិចតា មកទល់ពេលនេះ កសិករធ្វើលើកទី១ បានជាង១៥.០០០ហិចតាហើយ ៕ដោយ៖ឃិន គន្ធា