ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់យកដីបឹងតាមោកចំនួន ២០ហិកតា ពីលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ។ ការសម្រេចនេះបានធ្វើឡើងដោយអនុក្រឹត្យមួយ ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចនិរាករណ៍អនុក្រឹត្យលេខ២១៩ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក។
សូមបញ្ជាក់ថា អនុក្រឹត្យលេខ២១៩ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ជាអនុក្រឹត្យស្តីពីការសម្រេចកាត់ផ្ទៃដីបឹងតាមោក ២០ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ទៅជាកម្មសិទ្ធិជូនលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។
ការកាត់ដីនេះ ដើម្បីដោះដូរនឹងការសាងសង់អគារទីបញ្ជាការស្រាលកម្ពស់៣ជាន់ និងបំពាក់គ្រឿងបរិក្ខារចាំបាច់នានា នៅលើផ្ទៃដីជិត ១.៦ពាន់ម៉ែត្រក្រឡា របស់លោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តែនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានសម្រេចជាថ្មី ដោយលុបចោលទាំងលិខិតស្តីពីការកាត់ដីបឹងតាមោកទៅឱ្យលោក លន់ ហាក់ និងលោកស្រី ឈុន ចាន់ធី និងលិខិតស្តីពីការរៀបចំសាងសង់អគារទីបញ្ជាការស្រាលផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាល ក៏បានសម្រេចកាត់យកដីបឹងតាមោកប្រមាណ ៣០ហិកតាមករក្សាទុកវិញផងដែរ។ ដី ៣០ហិកតានេះ ប្រើសម្រាប់សាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទ, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្ម ភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ការសម្រេចដកហូតនេះ ក៏ពាក់ព័ន្ធនឹងការដោះដូរដីទីតាំងក្រសួង និងស្ថាប័នទាំងនេះជាមួយនឹងក្រុមហ៊ុនឯកជនផងដែរ គឺក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក៕