អាជ្ញាធររៀបចំពង្រីកផ្លូវចាស់ ដើម្បីធ្វើផ្លូវភ្លោះ និងសួនច្បារប្រែមុខ មាត់ខេត្តឲ្យមានសោភ័ណភាព

ខេត្តស្ទឹងត្រែង៖ក្រុមការងារជំនាញរបស់អាជ្ញាធរក្រុង បានចុះសិក្សាលើផ្លូវចាស់ ស្ថិតក្នុងភូមិរាជានុកូលសង្កាត់ស្ទឹងត្រែង ដើម្បីពង្រីកផ្លូវនេះធ្វើទៅជាប្រភេទផ្លូវភ្លោះបេតុង គ្រោងនឹងរៀបចំសួនច្បារនៅកណ្ដាលទ្រូងផ្លូវ ក្នុងក្រុងស្ទឹងត្រែងដើម្បីប្រែមុខមាត់ខេត្តឲ្យមានសោភ័ណ។

លោក ម៉ែន គុង នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៥មករា នេះថាៈក្រុមមន្ត្រីជំនាញ កំពុងចាប់ផ្ដើមចុះសិក្សាដើម្បីស្ថាបនាផ្លូវចាស់ឡើងវិញ (ផ្លូវចូលក្រុង) ដែលមានចម្ងាយប្រមាណ
១៨០០ម៉ែត្រ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង ។ ផ្លូវនេះ គ្រោងនឹងពង្រីកទៅជាផ្លូវភ្លោះប្រភេទបេតុងសងខាង និងមានទ្រូងផ្លូវនៅកណ្តាល រៀបចំដាក់សួនច្បារ ដោយទំហំផ្លូវទទឹង២០ម៉ែត្រ ។

លោក ម៉ែន គុង បានបន្តថាៈជាដំបូងគេចុះសិក្សាហើយពន្យល់ប្រាប់ដល់ប្រជាពលរដ្ឋ ដែលមានសំយ៉ាបផ្ទះ លយមកលើចំណីផ្លូវ ត្រូវឲ្យគាត់រុះរើចេញ ។ បន្ទាប់មក មន្ទីរជំនាញរៀបដាក់ប្រព័ន្ធលូសារជាថ្មី។

លោកថាៈសព្វថ្ងៃនេះផ្លូវកាន់តែរួមតូច ដោយសារប្រជាពលរដ្ឋបានសង់លំនៅដ្ឋានរំលោភលើចំណីផ្លូវសាធារណៈ ធ្វើឲ្យបាត់បង់សោភ័ណភាពក្រុង ដោយមិនមានរបៀបរៀបរយទាល់តែសោះ ។ ដើម្បីដោះស្រាយបញ្ហានេះ កុំឲ្យកាន់តែរីកធំដូចនេះ រដ្ឋបាលខេត្ត មានគម្រោងស្ថាបនាផ្លូវដាក់លូ និងមានសួនច្បារនៅចំកណ្ដាល ដាក់បង្គោលភ្លើងបំភ្លឺសងខាងផ្លូវ ដើម្បីឲ្យមានភាពទាក់ទាញ ៕