លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបានចោរទៅបំផ្លាញទ្រព្យសម្បត្តិដល់ផ្ទះជាលេីកទី២

ភ្នំពេញ ៖ យោងតាម Facebook Page នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «លើកទី២ ហើយដែលចោរមកបំផ្លាញដល់ផ្ទះ ។ ភ្ញាក់ពីគេង ឃើញរថយន្តត្រូវបានបំផ្លាញដោយចោរ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង»។

ផ្ទះលោក ដួង តារា គឺ ចុះតាមស្តុបណូគា ផ្លូវ២០០៤ រួចបត់ឆ្វេងប្រហែល៥០០ម៉ែត្រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ក្នុងសារលោក ដួង តារា ថ្លែងទៀតថា «ខ្ញុំសារកាមេរ៉ា មើលយប់មិញរវាងម៉ោង១៖៣០នាទីយប់ មានចោរពាក់ម៉ាស់ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង ហើយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពី លើដំបូលផ្ទះមកក្នុងផ្ទះ»។

រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «គួរអោយសោកស្តាយចំពោះអ្វីដែលបានកើតឡើងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ»។

ពាក់ព័ន្ធបញ្ហានេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងដែរថា លោកបានចាត់អោយកម្លាំងជំនាញ ឆែកកាមេរ៉ាសុវត្ថិភាព និង កំពុងធ្វើការរឿងនេះ ហើយ ៕