(ប៉ៃលិន)ក្នុងឪកាសអញ្ជើញជួបសំណេះសំណាល និងជូនដំណើរពលករ ទៅលំនៅស្ថានវិញ ក្រោយពីបានព្យបាលជាសះស្បើយ នូវការឆ្លងវីរុសកូវីដ១៩ ដោយក្រុមគ្រូពេទ្យជំនាញ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់បងប្អូនពលករ ដែលវិលត្រលបមកពីប្រទេសថៃ សូមជឿកជាក់លើក្រុមគ្រូពេទ្យជំនាញ ក្នុងការព្យាបាលជំងឺកូវីដ១៩ ជូនបងប្អូនពលករ ហើយត្រូវស្ម័គ្រចិត្ត ចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ពិធីនេះក៍មានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ប្រធានមន្ទីរសុខាភិបាលខេត្ត ក្រុមគ្រូពេទ្យជួរមុខ និងបងប្អូនពលករជាច្រើនរូប។
ក្នុងឱកាសសំណេះសំណាល និងជូនដំណើរនេះ លោកជំទាវ បាននាំការអបអរសាទរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនបងប្អូននាពេលនេះផងដែរ ។
ក្នុងនាមលោកជំទាវផ្ទាល់ ក៏សំដែងនូវទឹកចិត្តត្រេកអរជាមួយប្អូនៗ និងបានផ្តាំផ្ញើទៅប្អូនៗថា ទោះបីពេលនេះប្អូនៗទទួលបានជាសះស្បើយក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំអោយបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យ ។
លោកជំទាវ បានបញ្ជាក់បន្ថែម ជូនប្អូនៗទាំង១២នាក់ថា៖ ក្នុងដំណាក់កាលព្យាបាល និងការស្នាក់នៅ ហូបចុក គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដោយមិនទុកអោយបងប្អូនពលករខ្មែរយើងណាម្នាក់ជួបទុក្ខលំបាកដោយសារវីរុសកូវីដ៩ ដោយលោកមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ។
លោកជំទាវ ក៍បានចាត់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើការងារនេះជាសមរភូមិមុខ បន្ទាប់មកកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលវីរុសកំណាចនេះចូលក្នុងមូលដ្ឋាន ។
លោកជំទាវ ក៏បានស្នើអោយប្អូនៗទាំងអស់ បើមានសាច់ញាតិដែលត្រូវត្រឡប់មកស្រុកកំណើតវិញ សូមមកតាមសម្រួល និងត្រូវផ្តល់ព័ត៌មានពិត ជូនកងកម្លាំងការពារ និងក្រុមគ្រូពេទ្យជំនាញ រួចស្ម័គ្រចិត្ត ចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ៕






































