ខេត្តកែប, កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុងកែប សហការជាមួយស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះរុះរេីរបងថ្ម និងទ្វាដែក ដែលបានសាងសង់គ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប បានសាងសង់ដោយបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅតំបន់ស្រែអំបិល ហេីយកំពុងមានទំនាស់ជាប់បណ្ដឹងផងដែរ។
សកម្មភាពរុះរេីនេះ បានទទួលអបអរសាទរពីសំណាក់ប្រជាពលរដ្ឋ ដែលពួកគាត់ធ្លាប់អាស្រ័យផលតាមរយៈផ្លូវនេះ និងមានការគាំទ្រចំណាត់ការរបស់អាជ្ញាធរ ដោយគោរពនិងថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យមានសន្តិភាព នៅមូលដ្ឋានមានការរីកចម្រើនគ្រប់ទីកន្លែង និងសូមគោរពជូនពរសម្តេចតេជោមានសុខភាពល្អ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឲ្យមានការអភិវឌ្ឍរីកចម្រើនជាបន្តទៀត។
ការចុះរុះរើនេះ គឺដើម្បីរក្សាស្ថានភាពដើម និងបេីកផ្លូវសាធារណៈជូនដល់ប្រជាពលរដ្ឋ មហាជនសម្រាប់ប្រេីប្រាស់ជាផលប្រយោជន៍សាធារណៈវិញ៕