(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ពិតជាមានសារសំខាន់ ព្រោះគ្រូបង្រៀនមានសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ នឹងអាចផ្តល់ការអប់រំមួយប្រកបដោយគុណភាព ដែលអាចធ្វើឱ្យសិស្សចូលរៀន រៀនចេះ រៀនចប់ ប្រឡងជាប់ និងទទួលបាននូវការងារមួយស្របទៅតាមសមត្ថភាព និងចំណេះដឹងរបស់ពួកគេផងដែរ។
ឯកឧត្តបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសបើកបវេសនកាល នៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍិ គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀននៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីលោក កៀន តាក់ សាលកវិទ្យាធិការរងតំណាងលោកបណ្ឌិត ជេត ជាលី សាលកវិទ្យាធិការនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ មកពីគ្រប់រាជធានីខេត្តប្រមានជិត ៧០០នាក់ផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា នៅក្នុងនីតិកាលទី៦នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១ ដើម្បីឈានទៅសម្រេចវិស័យអាទិភាពនេះ ការលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន គឺជាផ្នែកមួយនៃសមាសធាតុសំខាន់ផ្សេងៗ ទៀតដើម្បីសម្រេចបានចតុកោណទី១ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នេះ។
ក្រសួងអប់រំ យុវជន និងកីឡា បានប្តេជ្ញាសម្រេចឱ្យបាននូវមុំទី១ស្តីពី «ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា» ដោយផ្តល់អាទិភាពលើចំណុចសំខាន់ៗ ចំនួន៧ រួមមាន៖ ការយកចិត្តទុកដាក់លើគ្រូបង្រៀន, ការពង្រីកវិសាលភាពសាលារៀនគ្រប់កម្រិត, ការពង្រឹងអធិការកិច្ចគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រងសាលារៀន, ការជំរុញការអប់រំបច្ចេកទេសនៅកម្រិតមធ្យមសិក្សាទុតិយភូមិ, ការអប់រំបំណិនឱ្យស្របតាមទីផ្សារការងារ, ការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល គ្រប់ជ្រុងជ្រោយ និងការត្រៀមប្រកួតកីឡាស៊ីហ្គេម២០២៣ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រែក្លាយសាលារៀនទាំងអស់ឱ្យក្លាយទៅជាសាលាបៃតង សាលាដែលមិនត្រឹមតែបង្រៀនទ្រឹស្តីនោះទេ តែជាសាលារៀនដែលនាំសិស្សធ្វើការងារផ្សេងៗ ដោយផ្សាភ្ជាប់នឹងអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ តាមរយៈកម្មវិធីបំណិនរកចំណូល និងបំណិនកសិកម្ម និងបំណិនចាំបាច់ផ្សេងៗទៀត ដែលបម្រើដល់វិស័យសេដ្ឋកិច្ចជាតិផងដែរ។