ភ្នំពេញ៖ជនសង្ស័យ២នាក់ប្តីប្រពន្ធ បន្ថែមទៀត ពាក់ព័ន្ធការបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅចំណុចស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយដកហូតបានកាំភ្លើងខ្លីមួយដើម និងគ្រាប់មួយចំនួនផងដែរ ។
មន្រ្តីនគរបាល បង្ហើបអោយដឹងថា បក្ខពួកប្តីប្រពន្ធទាំង២នាក់ នេះ គឺ ជាអ្នកផ្តល់មធ្យោបាយនូវម៉ូតូមួយគ្រឿង ដល់ជនដៃដល់ អ៊ា ណារ៉េន ជាមធ្យោបាយជិះគេចខ្លួន ។ ការចាប់ខ្លួននេះ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ នេះ ផងដែរ ក៏ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលធ្លាប់បានធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាមួយជនដៃដល់ នាពេលកន្លងមក ។
ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ដោយឡែក សាកសពជនដៃដល់ អ៊ា ណារ៉េន ត្រូវបានសមត្ថកិច្ច ដឹកមកតម្កល់ទុកនៅក្នុងវត្តរង់ចាំប្រពន្ធកូន និង ក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
គួររំលឹកថា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នេះ ទទួលបានរបាយការណ៍បន្ថែមពីសមត្ថកិច្ច ពាក់ព័ន្ធប្រតិបត្តិការ បង្ក្រាបជនដៃល់ឈ្មោះ អ៊ា ណារ៉េន ដែលបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយសមត្ថកិច្ចឡោមព័ទ្ធចំនួន៤ខេត្ត រហូតជនដៃដល់ត្រូវបានបាញ់សម្លាប់ ព្រោះបាញ់តដៃជាមួយសមត្ថកិច្ច មិនព្រមប្រគល់ខ្លួនតាមសម្រួល ។
យោងតាមរបាយការណ៍ បានអោយដឹងថា ក្រោយពីមានហេតុការណ៍បាញ់សម្លាប់លោក រ៉េត ស៊ីណាត , នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ ២៥ឆ្នាំ ជាអ្នកបើករថយន្ត នៅចំណុចផ្ទះជួលក្បែរវត្តទួលតាឯក ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ភេទប្រុស អាយុ ៣៨ឆ្នាំ បានគេចទៅលាក់ខ្លួននៅក្នុងភូមិសាស្រ្តខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។
រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវរហូតដល់ កំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ហើយបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ស្នងការដ្ឋានគរបាលខេត្តក្រចេះ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ របស់លោក លិ សុផា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
នៅវេលាម៉ោង១៧៖៤៦នាទី កម្លាំងសមត្ថកិច្ចបានប្រទះឃើញជនសង្ស័យនៅចំណុចមាត់អូរជាប់ជើងភ្នំ អូរកណ្តៀរ ក្នុងដីចំការស្វាយចន្ទី ស្តិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយសមត្ថកិច្ច បានឲ្យជនសង្ស័យប្រគល់ខ្លួនតាមសម្រួល ។ ប៉ុន្តែខណៈពេលនោះជនសង្ស័យរឹងរូសមិនព្រមប្រគល់ខ្លន និង បានបាញ់មកលើសមត្ថកិច្ច ។ ភ្លាមនោះសមត្ថកិច្ចយើងបានប្រើសិទ្ធិការពារខ្លួនដោយបាញ់តបតគ្នាទៅវិញទៅមកបណ្តាលឲ្យជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ។
ជាមួយគ្នានេះ វត្ថុតាងដកហូតមាន អាវុធខ្លីមួយដើម ម៉ាក CZ 75B លេខ 5493V ពណ៌ទឹកប្រាក់ មួយដើម ។ បច្ចុប្បន្នសាកសពបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ចែងតាមនីតិវិធី ។
គួររំលឹកបន្ថែមថា អំពើឃាតកម្មបាញ់សម្លាប់លោក រ៉េត ស៊ីណែត គឺ បានកើតឡើង កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ រំលងអាធ្រាត្រ នៅចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕