មណ្ឌលគីរី៖ បន្ទាប់ពីសកម្មភាពដឹកជញ្ជូនឈើជាជំនួញរវាងប្រទេសកម្ពុជា និងវៀតណាម បានស្ងាត់មួយដង្ហើមចង្រិត ក្រោមការបញ្ជាកណ្តាប់ដៃដែក របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា តែមកដល់ពេលនេះគឺបានចាប់ផ្តើមកំរើកសារជាថ្មីម្តងទៀត ដែលជាលក្ខណៈទ្រង់ទ្រាយធំជាងមុន ដែលត្រូវបានគេដឹងថា កាដឹកជញ្ជូនឈើខ្មែរចូលទឹកដីប្រទេសវៀតណាមនេះ ត្រូវបានគេឃុបឃិតគ្នាជាប្រព័ន្ឋ។
ជាក់ស្តែងសេចក្តីរាយការជាក់លាក់មួយ បានរៀបរាប់អំពីនាយទុនជំនួញឈើខុសច្បាប់ ដែលមានទោសស្មើរនិងឧក្រិដ្ឋជនព្រៃឈើ បំផ្លាញ់ទ្រព្យសម្បត្តិធនធានធម្មជាតិរបស់ជាតិ ដើម្បីប្រយោជន៍បុគ្គល គឺត្រូវបានគេដឹកជញ្ជូន ដោយមិនមានការខ្លាចរអើពីសំណាក់ច្បាប់នោះឡើយ ដែលបានដឹកជញ្ជូនឈើជារៀងរាល់យប់ តាមច្រកល្បៀងដាក់ដាំ ប្រទេសវៀតណាម ដោយមានលោក យូ សុធា មេប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកដាក់ដាំ ជាអ្នកបើកបារ៉ាស់ អនុញ្ញាតឲ្យរថយន្តដឹកឈើចេញទៅប្រទេសវៀតណាម។
មតិមហាជនជាច្រើនបានលើកឡើងថា ខណៈពេលដែលពិភពលោក កំពុងតែជ្រួលច្របល់រឿងបញ្ហាការពារទប់ស្កាត់មេរោគកូវិត១៩ ជាពិសេសប្រទេសកម្ពុជា កំពុងតែព្រួយបារម្ភរណ៍ពីបញ្ហាសុខភាព ក្នុងនោះរាជរដ្ឋាភិបាលកំពុងតែ អំពាវនាវឲ្យចូលរួមការពារ ប្រចាំមេរោគកូវិត១៩ បែរជាមន្រ្តីគ្រាប់ល្ពៅស្ងោរ មួយចំនួនឆ្លៀតឳកាស អនុវត្តផ្ទុយពី អនុសាសន៍សម្តេចតេជោ ហ៊ុន សែន ឃុបឃិតគ្នា បង្កើតជំនួញឈើខុសច្បាប់ ដឹកជញ្ជូនផល អនុផលព្រៃឈើទៅលក់នៅប្រទេសវៀតណាម តាមច្រកដាក់ដាំទៅវិញ។
លោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ បំរើការងារនៅ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ត្រូវបានមហាជន ស្គាល់ច្បាស់ដោយសារតែ ធ្លាប់មានឈ្មោះល្បីល្បាញ ខាងឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយូរឆ្នាំមកហើយ ហើយក៏ពុំមានស្ថាប័ន សមត្ថកិច្ចខាងណាហ៊ានបង្រ្កាបនោះឡើយ សកម្មភាពដ៏គឃ្លើនរបស់លោក យូ សុធា ត្រូវបានល្បីសុះសាយចាប់តាំងពីជំនាន់ លោក អ៊ុក សំណាង ជាស្នងការនគរបាលខេត្តមណ្ឌលគិរី រហូតដល់សម័យលោក ឡោ សុខា មកកាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរី គឺ លោក យូ សុធា នៅតែមានអំណាចយ៉ាងធំធេង ក្នុងការឃុបគិត បើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើ ចេញទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ យ៉ាងរំភើយ ពាក់ព័ន្ធនឹងករណីនេះ យើងមិនអាចទាក់ទងសុំការបំភ្លឺពីលោក យូ សុធា មេប៉ុស្តិ៍ច្រកដាក់ដាំបានទេនៅថ្ងៃនេះ៕
ដោយ ខេមរា