ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅតំបន់អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ដែលមានទំនាស់ក្តីក្តាំរឿងដីធ្លីជាមួយ លោក ប៉ុន សារឿន កំពុងបង្ហាញក្តីព្រួយបារម្ភណ៍ជាខ្លាំងខ្លាចបាត់បង់ជម្រក
និងផលដំណាំត្រូវគេបំផ្លាញចោលបំបាត់ដាននៅពេលអាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ ចុះរុះរើផ្ទះសំបែងផ្ទះនិងដំណាំជាច្រើនប្រភេទចេញពីទីតាំងដីមានទំនាស់រ៉ាំរ៉ៃជិត៣០ឆ្នាំកន្លងមកនេះ។
ការព្រួយបារម្ភណ៍នេះបានកើតឡើងបន្ទាប់ពីបានទទួលសេចក្តីជូនដំណឹងរបស់អាជ្ញាសាលានៃតុលាការខេត្តព្រះសីហនុ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២០រហូតដល់ពាក់កណ្តាលខែមករាឆ្នាំ២០២១នេះបានចេញលិចិតជូនដំណឹងជាបន្តបន្ទាប់ច្រើនលើកមកហើយស្តីពីការរុះរើលំនៅដ្ឋានសម្ភារៈ ដំណាំផ្សេងចេញពីទីតាំងដីដែលខ្លនបានរស់នៅជាអចិន្ត្រៃយ៍តាំងពីឆ្នាំ១៩៩២មក។
បើយោងតាមខ្លឹមសារនៃសេចក្តីជូនដំណឹង ចុះថ្ងៃទី១២ខែវិច្ចកាឆ្នាំ២០២០អាជ្ញាសាលាគ្រោងចុះអនុវត្ត នៅថ្ងៃទី១៩ ខែវិច្ចកាឆ្នាំ២០២០ដោយតម្រូវអោយប្រជាជនរុះរើផ្ទះសំបែងចេញពីទីតាំងដី តាមអំណាចសាលដីការតុលាការកំពូលលេខ.៤៥៨(ឆ)ចុះថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៤ដោយសំអាងលើបណ្ណ័ស្លាបមាន់លេខ B2-0666 ជំនាន់ឆ្នាំ១៩៩៤លើតំបន់គ្របព្រៃឈើ។ក្នុងករណីមិនអនុវត្តតាម អាជ្ញាសាលានឹងអនុវត្តដោយបង្ខំ ហើយបើសិនមានការរារាំងនិងអុវត្តតាមនីតិវិធីច្បាប់។
ពលរដ្ឋនៅតំបន់អូរខ្សាច់ ស្នើសុំតុលាការ អាជ្ញាធរ មន្ត្រីជំនាញពាក់ពន្ធ័ពិនិត្យស្រាវជ្រាវរឿងទំនាស់ធ្លីរវាងពួកគាត់ជាមួយ លោក ប៉ុន សារឿន ឡើងវិញអោយបានច្បាស់សិនមុននឹងអនុវត្តដោយបង្ខំរុះរើកំទេចផ្ទះសំបែងនិងផលដំណាំរបស់ពួកគាត់ដែលបានរស់នៅកាន់កាប់អាស្រ័យផលជាក់ស្តែងតាំងពីឆ្នាំ១៩៩២មករហូតដល់សព្វថ្ងៃនេះ។ពលរដ្ឋស្នើសុំតុលាការជំរះក្តីសាជាថ្មីព្រោះពួកគាត់បានរកឃើញភ័ស្តុតាងថ្មីនិងឯកសារមិនប្រក្រតីមួយចំនួនដែលភាគីទំនាស់បានបង្កើតនិងប្រើប្រាស់ដោយទុច្ចរិតដើម្បីបំពានយកដីពូកគាត់តាមរយៈការប្រើប្រាស់ប្រពន្ធ័តុលាការកាត់ក្តីកំបាំងមុខ។ពលរដ្ឋបានទទូចស្នើសម្តេចតេជោហ៊ុនសែន ជួយដោះស្រាយរកយុត្តិធម៌ដល់ពួកគាត់ផង។ពេលនេះតុលាកាខេត្តព្រះសីហនុ តាមរយៈអាជ្ញាសាលានៃសសាលាដំបូងខេត្ត លោក ឡា ប៊ុនហួន បានព្យាយាមចេញលិខិតជូនដំណឹងស្តីពីការចុះអនុវត្តសាលដីកាដែលមិនមានភាពយុត្តិធម៌និងមិនបានឆ្លុះបញ្ចាំងការពិតជាក់ស្តែង។
ប្រជាជនបាននិយាយថា កន្លងមកពួកគាត់បានដាក់ពាក្យ ប្តឹងមោឃភាពបណ្ណ័នេះហើយ ព្រោះយល់ឃើញថាបណ្ណ័នេះត្រូវបានគេឃុបខិតគ្នាជាប្រពន្ធ័កសាងឡើងដោយប្រើឯកសារមិនច្បាស់លាស់ មានភាពមិនប្រក្រតីច្រើនចំណុច តែតុលាការខេត្តព្រះសីហនុ ជាយូរឆ្នាំមកហើយ មិនលើកយកមកចាត់ការសោះ។
ក្រៅពីនេះការដាក់ពាក្យសុំព្យាពេលអនុវត្តក៏បានដាក់ទៅតុលាការជាបន្តបន្ទាប់នៅរាល់ពេលអាជ្ញាសាលាចេញលិខិតជូនដំណឹងស្តីពីការចុះអនុវត្តសាលដីកានេះ។
គួររំលឹកថានៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០ ពលរដ្ឋ ដែលបានរស់អាស្រ័យផលជាក់ស្តែងជិត៣០ឆ្នាំងមកហើយមានផ្ទះមានដំណាំធំៗហើយដើមឈើខ្លះធំរហូតដល់អោបមិនជុំផង ពួកគាត់បានស្នើតុលាការបញ្ឈប់ការអនុវត្តជាបណ្តោះអាសន្ននិងបានស្នើសុំតុលាការ អាជ្ញាធរមន្ត្រីជំនាញពាក់ពន្ធ័ពិនិត្យស្រាវជ្រាវរឿងនេះ
ឡើងវិញអោយបានច្បាស់សិនមុនអនុវត្ត។ទន្ទឹមនេះប្រជាជន បានទទូចស្នើសម្តេចតេជោហ៊ុនសែនជួយដោះស្រាយរកយុត្តិធម៌ដល់ពួកគាត់ផង។ព្រោះពួកគាត់បានរកឃើញថាភាគីទំនាស់បានបង្កើតនិងប្រើប្រាស់ឯកសារមួយចំនួនសង្ស័យថាមានភាពមិនប្រក្រតីនិងទីតាំងដីខុសគ្នាជាដើម។
ប្រជាជនទាំងនោះបានរៀបរាប់ថា ពួកគាត់បានចូលទៅកាប់ឆ្ការព្រៃរស់នៅទីតាំងដីនេះដែលមានទៅតាំងស្ថិតក្នុងភូមិ៤ឃុំអូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុតាំងពីឡុងឆ្នាំ១៩៩២មកម្លេះនិងបានរស់នៅទីនោះជាប្រចាំមិនដែលបោះបង់ឬចាកចេញទៅណាសោះឡើយ។
អាជ្ញាភូមិឃុំបានចេញលិខិតដឹងឮតែមិនបានទៅធ្វើបណ្ណ័កម្មសិទ្ធិអ្វីទេ។កាលនោះរស់នៅលាយឡំជាមួយកំលាំងខ្មែរក្រហមនៅឈរជើងទីនោះដែរ។ប៉ុន្តែនៅពេលដែលស្រុកទេសមានសន្តិភាពស្រាប់តែមានអ្នកមកដណ្តើមយកដីពួកគាត់ដោយបានឃុបឃិតគ្នាកសាងឯកសារនិងឈានទៅធ្វើបណ្ណ័រំលោភលើដីប្រជាជននិងបានប្រើប្រាស់ប្រពន្ធ័តុលាការ។
លោកស្រី ឡុច ទូច និងលោកស្រី អេង វ៉ាន់ ម្ចាស់ដី២នាក់ក្នុងចំណោមម្ចាស់ដី ផ្សេងទៀតបានអះអាងថា ពួកគាត់ត្រូវគេធ្វើបាបគ្រប់រូបភាពនិងគេចោទចាប់់ដាក់គុកជាច្រើនដងព្រោះតែការតតាំងការពារដីនេះ។
ពេលខ្លះគេលាបពណ៌ថា ជាក្រុមនេះក្រុមនោះ ចោទប្រកាន់ទាំងបំពានថាជាក្រុមអានាធិបតេយ្យដីធ្លីជាដើម។តែលោកស្រីនៅតែតស៊ូដើម្បីភាពស្អាតស្អំយុត្តិធម៌ពិតប្រាកដមួយដែលត្រូវទទួលបាននៅថ្ងៃណាមួយ។
លោកស្រីបានត្អូញត្អែថាពលរដ្ឋពួកគាត់ក្រីក្រណាស់បើទោះជាបានរស់នៅអាស្រ័យផលជាក់ស្តែងប៉ុន្តែមានការលំបាកក្នុងការទទួលបានឯកសារកាន់កាប់ដីពីអាជ្ញាធរមិនដូចអ្នកមានលុយមានខ្សែរយៈនោះទេគេអាចអ្វីក៏បានភ្លាមៗ។
លោក ហ៊ូ សុផាត អតីតមេភូមិ៤ ឃុំអូរត្រេះ កាលនៅមានជីវិតបានអោយដឹងថា លោកពិតជាបានឃើញប្រជាជនទាំងនោះមករស់នៅដុតធ្យូងធ្វើចំការនៅទីនោះមែន។ចំពោះការចុះទៅវាស់វែងធ្វើប្លង់របស់មន្ត្រីកាលគ្រានោះលោកថាមិនអាចធ្វើទៅបានទេព្រោះទីនោះមានខ្មែរក្រហម។មួយវិញទៀតតំបន់នោះជាតំបន់គ្របព្រៃឈើមិនអាចធ្វើប្លង់បានទេ។ពាក់ពន្ធ័បញ្ហានេះដែរក្រសួងកសិកម្មបានចេញលិខិតបញ្ជាក់ថាតំបន់នេះស្ថិតក្នុងដីគម្របព្រៃឈើឆ្នាំ២០០២ចំណែកឯមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់សោមអោយដឹងថាតំបន់នេះមិនដែលមានការកាត់ឆ្វៀលចេញពីគម្របព្រៃនៅឡើយទេ។
លោក ប៉ុន សារឿន ដែលជាអ្នកប្តឹងទាមដីនេះរួមទាំងអ្នកជាប់ពាក់ពន្ធ័ក្នុងសាច់រឿងនេះមិនអាចស្វែងរកសុំការបំភ្លឺបាននៅឡើយនៅពេលនេះ។
សូមបញ្ជាក់ថា ទីតាំងដីទំនាស់ខាងលើនេះភាគីប្រជាជនរស់នៅជាក់ស្តែងមានផ្ទះ មានដំណាំ អាស្រ័យផលច្រើនមុខជិត៣០ឆ្នាំ មានឯកសារបញ្ជាក់ពីមេភូមិ មេឃុំ តែគ្មានបណ្ណ័កម្មសិទ្ធទេ។ចំណែកភាគី លោក ប៉ុន សារឿន អតីត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានបណ្ណ័ស្លាបមាន់ចេញឆ្នាំ១៩៩៤ ដោយបានទិញពីឈ្មោះ គឹម ចាន់នី រស់នៅក្រុងភ្នំពេញ ឈ្មោះ គឹម ចាន់នី បានទិញ ពីឈ្មោះ ឡុញ តាយ ប្តីលោកស្រី អេង វ៉ាន់ ដែលជាជនរងគ្រោះម្នាក់ដែរក្នុងរឿងនេះ នៅឆ្នាំ១៩៩៥។
យោងតាមឯកសារដែលទទួលបានឯកសារទិញលក់រវាងឈ្មោះ គឹម ចាន់នី និងឈ្មោះ ឡុញ តាយ និងឯកសារសំអាង ដែលឈ្មោះ គឹម ចាន់នី យកមកប្រើប្រាស់ក្នុងការធ្វើបណ្ណ័ជាមួយអាជ្ញាធរនិងមន្រ្តីជំនាញ មានភាពមិនច្បាស់លាស់
និងមិនប្រក្រតីចំណុចជាច្រើនដូចជាខុសចំងាយទីតាំងដី និងទិញដី ក្រោយពេលអ្នកលក់ឈ្មោះ ឡុញ តាយ បានស្លាប់បាត់មុនជាដើម(ខ្មោចមកផ្តិតមេដៃលើលិខិតលក់ទិញ)។តែយ៉ាងណាយើងរងចាំមើលដំណើររឿងមួយនេះនឹងវិវត្តយ៉ាងណា?តើតុលាការនឹងអាចបើកការស្រាវជ្រាវដើម្បីឈានទៅជំរះក្តីឡើងវិញដែរឬយ៉ាងណា?