អ្នកនេសាទនៅខេត្តស្ទឹងត្រែង ព្រួយបារម្ភពីការផុតពូជត្រីប៉ាសេអ៉ី!!

ខេត្តស្ទឹងត្រែង៖នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១នេះ ក្នុងរដូវនេ
សាទ ត្រូវបានគេសង្កេតឃើញថា វត្តមានរបស់ត្រីប៉ាសេអ៉ី មានបរិមា
ណតិចតួចបំផុត ។

លោកពូ ស្រេង នៅភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង ប្រកបរបរនេសាទត្រី បានរៀបរាប់ឲ្យដឹងថាៈក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ លោកពូរកត្រីមិនបានសោះបើទោះបីមិនមែនត្រីប៉ាសេអ៉ីក៏ដោយ សូម្បីតែត្រីប៉ាវ៉ាមុខមួយ និងប៉ាវ៉ាមុខពីរក៏ពិបាករកដែរ ។លោកពូស្រេង បានលើកឡើងថាៈបន្ទាប់ពីមានវារីអគ្គី
សនីមក ត្រីក៏មិនសូវសម្បូរដូចមុនដែរ ជាពិសេសត្រីប៉ាសេអ៉ី គឺមិនឃើញមានវត្តមាននៅក្នុងទន្លេខេត្តស្ទឹងត្រែង នាពេលនេះទាល់តែសោះ ហើយក្នុងរដូវនេសាទឆ្នាំនេះ លោកពូរកត្រីប៉ាសេអ៉ីបានតែពីរក្បាលក្នុងទម្ងន់១គីឡូក្រាមតែប៉ុណ្ណោះ ។ លោកពូស្រេង បានសំណូមពរដល់ជំនាញរដ្ឋបាលជលផលខេត្តស្ទឹងត្រែងសូមធ្វើការបិទនេសាទ នៅក្នុងខែមិថុនាវិញក្នុងឆ្នាំនេះ ហើយក៏សូមឲ្យមានការបង្កើននូវការអភិរក្សត្រីឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីរក្សាកុំឲ្យផុតពូជនូវវត្តមានត្រីប៉ាសេអ៉ី នៅក្នុងខេត្តស្ទឹងត្រែងយើងនេះ ។

ប្រជានេសាទម្នាក់ទៀតឈ្មោះ វេង ចាន់លី នៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ក៏បានរៀបរាប់ឲ្យដឹងដែរថាៈក្នុងរយៈពេលពីរបីឆ្នាំនេះ គាត់រកតែត្រីធ្វើផ្អកមិនបានផង បើចំពោះត្រីប៉ាសេអ៉ីវិញគឺគាត់មិនដែលជួបតែម្តងក្នុងឆ្នាំនេះ ។

បញ្ហានៃការថយចុះនូវបរិមាណត្រីប៉ាសេអ៉ីក្នុងខេត្តស្ទឹងត្រែង ទាំងអ្នក
នេសាទ និងអាជីវករលក់ត្រីនៅផ្សារសាមគ្គី ក៏ពុំបានដឹងពីមូលហេតុនៃការថយចុះនូវបរិមាណត្រីប៉ាសេអ៉ី ថាមកពីកក្កតាអ្វីនោះដែរ ។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជានេសាទពីការបាត់វត្តមានត្រីប៉សេអ៉ីនេះ លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបញ្ជាក់ឲ្យដឹងថាៈត្រីប៉ាសេអ៉ី ជាប្រភេទត្រីឆ្លងដែន ដែលការចរាចរណ៍របស់វារវាងកម្ពុជា និងឡាវ ។ហើយត្រីប្រភេទនេះ គឺមានវត្តមានតែក្នុងខេត្តទេ ហើយជាប្រភេទត្រីរស់នៅ និងពងកូន នៅប៉ែកខាងប្រទេសឡាវ ក៏ប៉ុន្តែនៅពេលដល់រដូវកាលរបស់វាដែលត្រូវចុះមកប៉ែកខាងកម្ពុជា ដើម្បីស៊ីចំណី និងធ្វើដំណើរទៅវិញទៅមក ។ លោកនាយខណ្ឌក៏បានបញ្ជាក់ដែរថាៈវត្តមានរបស់ត្រីប៉ាសេអ៉ី នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ គឺមានបរិមាណតិច គឺដោយសារនៅព្រំប្រទល់ និងប៉ែកខាងប្រទេសឡាវ បានសាងសង់សំណង់វារីអគ្គីសនី កន្លែងនោះហើយ គឺជាច្រកដែលត្រីប៉ាសេអ៉ីបំលាស់ទីឡើងចុះ ហេតុនេះហើយទើបត្រីប៉ាសេអ៉ីមិនអាចឡើងចុះបានទេ ដូច្នេះទើបក្នុងរដូវកាលនេះ បរិមាណវាគឺមានតិចតួចតែប៉ុណ្ណោះ ។ ហើយជាកង្វល់រួមរបស់ខណ្ឌរដ្ឋបាលជលផល ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត គឺមានការព្រួយបារម្ភថា នឹងលែងមានវត្តមានវាតទៅទៀតក្នុងខេត្តស្ទឹងត្រែ ងយើងនេះ ។

នាយខណ្ឌក៏បានបញ្ជាក់ដែរថាៈបច្ចុប្បន្នខណ្ឌរដ្ឋបាលជលផលបាននឹងកំពុងសាងសង់នូវសំណង់ស្ថានីយ៍ ស្រាវជ្រាវ និងផលិតកូនត្រីពូជ ។ ហើយនៅពេលដែលស្ថានីយ៍នេះ សាងសង់រួចខណ្ឌរដ្ឋបាលជលផល នឹងខំប្រឹងប្រែងស្រាវជ្រាវ ដើម្បីផលិតនូវពូជត្រីពីធម្មជាតិដែលមាននៅក្នុងដែនទឹកនៃខេត្តស្ទឹងត្រែងនេះឲ្យមានឡើងវិញ ដើម្បីឲ្យមាននិរន្តរភាពទៅថ្ងៃខាងមុខ ហើយគោលដៅធំនោះ គឺត្រីប៉ាសេអ៉ី ត្រីប៉ាវ៉ា ជាប្រភេទត្រីដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយជលផល នឹងខំផលិតវា មុនពេលដាច់ពូជ ។

ចុងក្រោយ ក្នុងនាមលោកជានាយខណ្ឌរដ្ឋបាលជលផលខេត្ត សូមធ្វើការអំពាវនាវ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិដេសប្រជានេសាទទាំងអស់ សូមមេត្តាចូលរួមទាំងអស់គ្នាក្នុងការថែរក្សា និងការពារធនធានធម្មជាតិទាំងនេះដោយការទទួល
ខុសត្រូវ ដោយកុំប្រើប្រាស់នូវឧបករណ៍នេសាទល្មើសច្បាប់ ដូចជាប្រើឧបករណ៍ឆក់.គ្រឿងផ្ទុះ.ប្រើថ្នាំពុល ឬក៏ឧបករណ៍ដាយបិទទន្លេ ជាដើម គឺសូមបញ្ឈប់ជាបន្ទាន់ ចំពោះឧបករណ៍មហន្តរាយទាំងនេះ និងការចាប់មេពូជធំៗ ដែលកំពុងពងកូន ដើម្បីរួមគ្នាប្រើប្រាស់នូវធនធានទាំងនេះប្រកបដោយនិរន្តរភាព សម្រាប់កូនចៅរបស់យើងនៅជំនាន់ក្រោយទៀត ៕