នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមជាមួយអនុប្រធាន សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានខេត្ត សរុបជាង ១៣០នាក់ ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍សមិទ្ធិផល បញ្ហាប្រឈម និងសំណូមពរ ដោយអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ទូទាំងខេត្ត រួចមក ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា ដោយមានកិច្ចសហការគ្នាល្អ រវាងក្រុមការងារចុះជួយខេត្ត និងមន្រ្តីនៅមូលដ្ឋាន បានជួយអោយខេត្តកែប មានការអភិវឌ្ឍន៍គួរអោយកត់សម្គាល់ តាមរយៈក្តាប់បាននូវតម្រូវការជាក់ស្តែង និងដោះស្រាយបញ្ហាចំគោលដៅ នៅមូលដ្ឋាន ។
ឯកឧត្តមអភិបាលបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិទី៦ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។ ក្នុងឆ្នាំ២០២០ កន្លងមកនេះ រដ្ឋបាលខេត្ត ក៏ដូចក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានអនុវត្តទទួលបានលទ្ធផលល្អនូវយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដោយបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ច ស្របតាមច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លិខិតបទដ្ឋានគតិយុត្តិដែលនៅជាធរមាន និងមានការចូលរួមអនុវត្តយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវពីគ្រប់បណ្តាក្រសួងស្ថាប័នថ្នាក់ជាតិ ក៏ដូចជាមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងពីគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឲ្យខេត្តកែបមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងស្មារតី ឥរិយាបថ ផ្នត់គំនិត ចំណេះដឹងដល់គ្រប់អ្នកពាក់ព័ន្ធ (រដ្ឋ និងឯកជន) បន្តរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ខេត្ត។
នៅចុងបញ្ចប់ ឯកឧត្តម ជិន ប៊ុនស៊ាន បានបញ្ចាក់ថា សូមអោយក្រុមការងារទាំងអស់ត្រូវរួមគ្នា រួមគ្នាអនុវត្តកិច្ចការនៅមូលដ្ឋាននេះអោយបានល្អ ក្តាប់អោយបាននូវតម្រូវការជាក់ស្តែង ខិតខំរួមគ្នាដោះស្រាយបញ្ហាអោយបានទាន់ពេលវេលា ដេីម្បីបំពេញចិត្តប្រជាពលរដ្ឋ បានល្អប្រសេីរ៕